បញ្ហាតម្លៃទំនិញនិងសេវាផ្សេងៗនៅអំឡុងពេលឈប់សម្រាកបុណ្យទានផ្សេងៗនៅតាមតំបន់ទេសចរណ៍ និងរមណីយដ្ឋាននានានា នៅតែឡើងថ្លៃកប់ពពកមិនអាចដោះស្រាយបាន បើទោះបីជាសមត្ថកិច្ចជំនាញណែនាំនិងព្រមានពីវិធានការច្បាប់យ៉ាងណាក្តី ។
ជាក់ស្តែងអំឡុងពេលឈប់សម្រាកសងថ្ងៃចូលឆ្នាំប្រពៃណីជាតិ យោងតាមគណនីហ្វេសប៊ុកឈ្មោះ Phnom Penh News បានលើកឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃអាទិត្យនេះដោយបញ្ជាក់យ៉ាងដូច្នេះ
«ខេត្តកែបអាក្រក់ណាស់មែនទេ ? បងប្អូនមួយចំនួនដែលបានទៅលេងនៅខេត្តកែបប្រាកដជាបានដឹងហើយពីការកៀបស៊ី តាំងពីផ្លូវចូលរហូតដល់ផ្លូវចេញ ។ ពេលចូលទឹកដីខេត្តកែបចង់មើលឆ្នេរកែប អ្នកត្រូវចំណាយហោចណាស់៤០០០រៀល( សម្រាប់អ្នកជិះរថយន្ត ) ។ ពេលទៅដល់ឆ្នេរកែប បើអ្នកចង់រកកន្លែងអង្គុយគយគន់ទេសភាពអ្នកត្រូវចំណាយប្រមាណ១០ម៉ឺនរៀល (កន្ទេលក្រាលលើការ៉ូឡា ) ។ ហើយអ្នកចង់ចតឡាននៅក្បែរឆ្នេរទៀតនោះ អ្នកត្រូវចំណាយប្រមាណ២០០០០រៀលទៀត ។ហើយបើអ្នកឃ្លានអាហារចង់ញ៉ាំអាហារអ្នកក៏ត្រូវចំណាយប្រមាណ៦០០០០រៀលសម្រាប់ម្ហូបមួយមុខ ។ អ្វីដែលគួរកត់សម្គាល់នោះ ប្រធានមន្ទីរទេសចរណ៍ខេត្តកែប លោក សោម ចិន្ដា បានផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែតថាបានហៅអាជីវករមកអប់រំណែនាំរួចហើយមុនថ្ងៃឈប់សម្រាក ដើម្បីកុំអោយឡើងថ្លៃសេវាកម្មម្ហូបអាហារ និងផ្ទះសំណាក់ សណ្ឋាគារ តែវាហាក់ដូចជាគ្មានប្រសិទ្ធភាពទាល់តែសោះ នៅក្នុងស្ថានភាពជាក់ស្ដែង។
សរុបទៅកែបមិនអាក្រក់ទេ គឺអាក្រក់តែអាជីវករនៅតំបន់នោះទេតើ ។» ៕