សប្បុរសជនបរិច្ចាគឈាមថាខ្លួនធ្វើបុណ្យតែគ្រូពេទ្យធ្វើកំពប់អស់

នៅ​ព្រឹក​ថ្ងៃ​ទី​២៩ សីហា​នេះ «​អង្រុត​» បាន​ទទួល​ព័ត៌មាន​ពី​សប្បុរសជន​មួយ​ចំនួន​ដែល​ធ្លាប់​បរិច្ចាគ​ឈាម​ដើម្បី​សង្គ្រោះ​ជន​រង​គ្រោះ​ពី​គ្រោះថ្នាក់ ឬ​មាន​ជំងឺ​ផ្សេង​ៗ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ពួក​គាត់​អស់សង្ឃឹម​ណាស់ ព្រោះតែ​ទៅ​បរិច្ចាគ​ឈាម​ម្តង​ៗ​គឺ​តែងតែ​ជួប​នូវ​បញ្ហា​ដូច​ជា​ពាក្យ​សម្តី​របស់​គ្រូពេទ្យ​មួយ​ចំនួន​តូច ក៍​ដូច​ជា​ម៉ោង​ពេល​ក្នុង​ការ​សួរ​ព័ត៌មាន​និង​ជួស​យក​ឈាម ។ បើ​តាម​អ្នក​ធ្លាប់​បរិច្ចាគ​ឈាម​ជា​ច្រើន​ដង​នៅ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​បាន​ប្រាប់​បន្ត​ថា មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​គឺ​បាន​ដាក់​ស្លាក​ទទួល​ការ​ផ្តា​ល់​ឈាម​២៤​ម៉ោង​លើ​២៤​ម៉ោង ប៉ុន្តែ​ព្រឹក​មិ​ញ​«​គាត់​ទៅ​តាំងពី​ព្រលឹម​ម៉ោង​ប្រមាណ​៦​ព្រឹក តែ​មក​ដល់​ម៉ោងជាង​៨​ព្រឹក​ថ្ងៃ​សៅរ៍​ដដែល​នេះ មិន​ទាន់​ឃើញ​វត្តមាន​គ្រូពេទ្យ​ណា​ម្នាក់​នៅឡើយ » ។ ប្រភព​បន្ត​ថា ជួនកាល​នៅ​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ក្រុម​គ្រូពេទ្យ​បាន​ចេញ​ទៅ​ផ្ទះ ឬ ទៅ​ទទួលទាន​អាហារ​ផ្សេង​ៗ ដោយ​មិន​មាន​អ្នក​ប្រចាំការ ធ្វើ​ឲ្យ​សប្បុរសជន​អ្នក​ទៅ​បរិច្ចាគ​ឈាម​ឈរ​តម្រង់​ជួរ​គ្នា​រង់ចាំ ខាត​ពេលវេលា ។​

​អ្នក​បរិច្ចាគ​មួយ​រូប​បាន​លើក​ឡើង​ដោយ​បញ្ជាក់​ថា​«​ខ្ញុំបាទ ឈ្មោះ សាន់ បញ្ញា បាន​ទៅ​បរិច្ចាគ​ឈាម​ដេ​ី​ម្បី​ជួយ​មិត្តភក្តិ​ខ្ញុំ​ដែល​កំពុង​(​វះ​កើត​កូន​) ប៉ុន្តែ​នៅ​វេលា​ម៉ោង ៩:១៥​នាទី​យប់​ថ្ងៃនេះ មាន​អ្នកគ្រូ​ពេទ្យ​ស្រី​ម្នាក់​នៅ​ផ្នែក​ធ្វេ​ី Group បាន​ប្រើ​ពាក្យ​សម្តី​សួរ​មក​ខ្ញុំបាទ​ទាក់ទង​នឹង​ការ​ផ្តល់​ឈាម​ជួយ​អ្នកជំងឺ​មិន​សមរម្យ មុន​នឹង​ជួស​ចុងដៃ ។ ក្នុង​នាម​ខ្ញុំបាទ​ជា​គ្រូពេទ្យ​១​រូប មាន​សំណួរ​សួរ​ទៅ​អ្នកគ្រូ​ពេទ្យ​ស្រី​វ័យ​ប្រហែល​២០​ឆ្នាំ​ជាង​ថា តើថ្នាក់​មូលដ្ឋាន​មានបាន​រៀន សីល​ធ​ម៍​និង​វិជ្ជាជីវៈ​ពេទ្យ​ដែរ​រឺទេ ?សូម​លោក​ប្រធាន មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម មេត្តា​ជួយ​សម្រួល​សម្តី​បុគ្គលិក​ចំពោះ អ្នក​ផ្តល់​ឈាម (Donor) អោយ​បាន​សមរម្យ​ផង ។ ខ្ញុំ​ចង់​សួរ​ទៅ​លោក​ប្រធាន​មជ្ឈមណ្ឌល​ថា “​តេ​ី​អ្នក​ជួស​ចុងដៃ​មាន​សិទ្ធិ​សម្ភាសន៍​ដល់​អ្នក​ផ្តល់​(Donor)​ទាក់​ទាង​ទៅ​នឹង​ព​ត៌​មាន​ផ្សេង​ៗ​ដែល​គ្រូពេទ្យ​តម្រូវ​អោយ​ចូល​សម្ភាសន៍​មុន​នឹង​ជួស​ចុងដៃ​ដែរ​រឺ​យ៉ាងណា ? »​។​

​ចំណែក​អ្នក​បរិច្ចាគ​ឈាម​មួយ​រូប​ទៀត បាន​អះអាង​ថា​ខ្លួន​បាន​ធ្លាប់​បរិច្ចាគ​ឈាម​ប្រមាណ​២០​ទៅ​៣០​ដង​រួច​មក​ហើយ មាន​ទាំង​ប័ណ្ណ​ផ្តល់​ឈាម ឥឡូវ​ទៅ​ប្តូរ​ប័ណ្ណ​យក​ផ្តល់​ឈាម​ថ្មី​អត់​បាន តែ​បែរជា​ក្នុង​បទ​សន្និសីទកាសែត​មួយ​កាលពី​ពីរ​ថ្ងៃមុន មន្ត្រី​នៅ​មជ្ឈមណ្ឌល​ថា​ប័ណ្ណ​ផ្តល់​ឈាម​ដូរ​អត់​បាន ព្រោះ​បើ​ដូរ​យក​ប័ណ្ណ​ថ្មី​គឺ​សម្រាប់​តែ​ជនខិលខូច​យក​ទៅ​រកស៊ី ។ អ្នក​បរិច្ចាគ​ឈាម​រូប​នោះ​ប្រាប់​ដោយ​អស់​សង្ឃឹមថា «​យូរ​ៗ​ទៅ​ឯង​ទៅ​បរិច្ចាគ​ឈាម​ប្រមាណ​២០​ទៅ​៣០​ដង ក្លាយទៅជា​ជនខិលខូច​ទៅ​វិញ អស់សង្ឃឹម កំពប់​បុណ្យ​អស់ » ។

​ពាក់​ព័​ន្ឋ​នឹង​ការ​លើក​ឡើង​ខាងលើ​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ សីហា ២០២០​នេះ «​អង្រុត​» មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​តប​បាន​ទេពី​លោក​វេជ្ជបណ្ឌិត សុខ ប៉ូ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ក៍​ដូច​ជា​លោកស្រី ឱ វណ្ណ​ឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ។​

​សូម​បញ្ជាក់​ថា កន្លង​មក​ក៍​មានការ​រិះគន់​ផង​ដែរ​ទៅ​លើ​ការ​ផ្គត់ផ្គង់​ឈាម​ដែល​បាន​ពី​ការ​បរិច្ចាគ​ឈាម​របស់​សប្បុរ​ជន​នានា គឺ​មិន​ចំ​គោលដៅ​មនុស្ស​ធ៌​ម ដោយ​មានការ​លើក​ឡើង​ពី​មជ្ឈដ្ឋាន​មួយ​ចំនួន​បាន​ដាក់​ការ​សង្ស័យ​ទៅ​លើ​ការ​លក់ដូរ​ឈាម​របស់​សប្បុរសជន ទៅ​ឲ្យ​ក្រុម​គ្រួសារ​អ្នកជំងឺ​សង្គ្រោះ​បន្ទាន់​នៅ​តាម​មន្ទីរពេទ្យ ហើយក៍​មាន​ព័ត៌មាន​ថា អ្នក​ធ្លាប់​បរិច្ចាគ​ឈាម​ជា​ច្រើន​ដង​ខ្លះ ពេល​ខ្លួន​ត្រូវការ​ឈាម បែរ​គ្នា​ឈាម​ទៅ​វិញ តែបើ​ចង់បាន​ទាល់តែ​ទិញ ..៕