នៅព្រឹកថ្ងៃទី២៩ សីហានេះ «អង្រុត» បានទទួលព័ត៌មានពីសប្បុរសជនមួយចំនួនដែលធ្លាប់បរិច្ចាគឈាមដើម្បីសង្គ្រោះជនរងគ្រោះពីគ្រោះថ្នាក់ ឬមានជំងឺផ្សេងៗបានប្រាប់ឲ្យដឹងថា ពួកគាត់អស់សង្ឃឹមណាស់ ព្រោះតែទៅបរិច្ចាគឈាមម្តងៗគឺតែងតែជួបនូវបញ្ហាដូចជាពាក្យសម្តីរបស់គ្រូពេទ្យមួយចំនួនតូច ក៍ដូចជាម៉ោងពេលក្នុងការសួរព័ត៌មាននិងជួសយកឈាម ។ បើតាមអ្នកធ្លាប់បរិច្ចាគឈាមជាច្រើនដងនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានប្រាប់បន្តថា មជ្ឈមណ្ឌលជាតិផ្តល់ឈាមគឺបានដាក់ស្លាកទទួលការផ្តាល់ឈាម២៤ម៉ោងលើ២៤ម៉ោង ប៉ុន្តែព្រឹកមិញ«គាត់ទៅតាំងពីព្រលឹមម៉ោងប្រមាណ៦ព្រឹក តែមកដល់ម៉ោងជាង៨ព្រឹកថ្ងៃសៅរ៍ដដែលនេះ មិនទាន់ឃើញវត្តមានគ្រូពេទ្យណាម្នាក់នៅឡើយ » ។ ប្រភពបន្តថា ជួនកាលនៅម៉ោង៦និង៣០នាទីល្ងាច ក្រុមគ្រូពេទ្យបានចេញទៅផ្ទះ ឬ ទៅទទួលទានអាហារផ្សេងៗ ដោយមិនមានអ្នកប្រចាំការ ធ្វើឲ្យសប្បុរសជនអ្នកទៅបរិច្ចាគឈាមឈរតម្រង់ជួរគ្នារង់ចាំ ខាតពេលវេលា ។
អ្នកបរិច្ចាគមួយរូបបានលើកឡើងដោយបញ្ជាក់ថា«ខ្ញុំបាទ ឈ្មោះ សាន់ បញ្ញា បានទៅបរិច្ចាគឈាមដេីម្បីជួយមិត្តភក្តិខ្ញុំដែលកំពុង(វះកើតកូន) ប៉ុន្តែនៅវេលាម៉ោង ៩:១៥នាទីយប់ថ្ងៃនេះ មានអ្នកគ្រូពេទ្យស្រីម្នាក់នៅផ្នែកធ្វេី Group បានប្រើពាក្យសម្តីសួរមកខ្ញុំបាទទាក់ទងនឹងការផ្តល់ឈាមជួយអ្នកជំងឺមិនសមរម្យ មុននឹងជួសចុងដៃ ។ ក្នុងនាមខ្ញុំបាទជាគ្រូពេទ្យ១រូប មានសំណួរសួរទៅអ្នកគ្រូពេទ្យស្រីវ័យប្រហែល២០ឆ្នាំជាងថា តើថ្នាក់មូលដ្ឋានមានបានរៀន សីលធម៍និងវិជ្ជាជីវៈពេទ្យដែររឺទេ ?សូមលោកប្រធាន មជ្ឈមណ្ឌលជាតិផ្តល់ឈាម មេត្តាជួយសម្រួលសម្តីបុគ្គលិកចំពោះ អ្នកផ្តល់ឈាម (Donor) អោយបានសមរម្យផង ។ ខ្ញុំចង់សួរទៅលោកប្រធានមជ្ឈមណ្ឌលថា “តេីអ្នកជួសចុងដៃមានសិទ្ធិសម្ភាសន៍ដល់អ្នកផ្តល់(Donor)ទាក់ទាងទៅនឹងពត៌មានផ្សេងៗដែលគ្រូពេទ្យតម្រូវអោយចូលសម្ភាសន៍មុននឹងជួសចុងដៃដែររឺយ៉ាងណា ? »។
ចំណែកអ្នកបរិច្ចាគឈាមមួយរូបទៀត បានអះអាងថាខ្លួនបានធ្លាប់បរិច្ចាគឈាមប្រមាណ២០ទៅ៣០ដងរួចមកហើយ មានទាំងប័ណ្ណផ្តល់ឈាម ឥឡូវទៅប្តូរប័ណ្ណយកផ្តល់ឈាមថ្មីអត់បាន តែបែរជាក្នុងបទសន្និសីទកាសែតមួយកាលពីពីរថ្ងៃមុន មន្ត្រីនៅមជ្ឈមណ្ឌលថាប័ណ្ណផ្តល់ឈាមដូរអត់បាន ព្រោះបើដូរយកប័ណ្ណថ្មីគឺសម្រាប់តែជនខិលខូចយកទៅរកស៊ី ។ អ្នកបរិច្ចាគឈាមរូបនោះប្រាប់ដោយអស់សង្ឃឹមថា «យូរៗទៅឯងទៅបរិច្ចាគឈាមប្រមាណ២០ទៅ៣០ដង ក្លាយទៅជាជនខិលខូចទៅវិញ អស់សង្ឃឹម កំពប់បុណ្យអស់ » ។
ពាក់ព័ន្ឋនឹងការលើកឡើងខាងលើនេះ នៅព្រឹកថ្ងៃទី២៩ សីហា ២០២០នេះ «អង្រុត» មិនអាចរកការសុំអត្ថាធិប្បាយតបបានទេពីលោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក៍ដូចជាលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ។
សូមបញ្ជាក់ថា កន្លងមកក៍មានការរិះគន់ផងដែរទៅលើការផ្គត់ផ្គង់ឈាមដែលបានពីការបរិច្ចាគឈាមរបស់សប្បុរជននានា គឺមិនចំគោលដៅមនុស្សធ៌ម ដោយមានការលើកឡើងពីមជ្ឈដ្ឋានមួយចំនួនបានដាក់ការសង្ស័យទៅលើការលក់ដូរឈាមរបស់សប្បុរសជន ទៅឲ្យក្រុមគ្រួសារអ្នកជំងឺសង្គ្រោះបន្ទាន់នៅតាមមន្ទីរពេទ្យ ហើយក៍មានព័ត៌មានថា អ្នកធ្លាប់បរិច្ចាគឈាមជាច្រើនដងខ្លះ ពេលខ្លួនត្រូវការឈាម បែរគ្នាឈាមទៅវិញ តែបើចង់បានទាល់តែទិញ ..៕