មន្ត្រីនគរបាលម្នាក់បម្រើការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានឃាត់ខ្លួន ក្រោយពីសាក្សីអះអាងថា បានធ្វើសកម្មភាពបាញ់រះ ក្នុងចេតនាសម្លាប់ជនរងគ្រោះ បណ្ដាលឱ្យុយុវជនម្នាក់ធ្លាយពោះរងរបួសធ្ងន់ធ្ងរ ។
ប្រភពបានបន្តថា ហេតុការណ៍បាញ់មនុស្សដូចបាញ់ចាបនេះ បានកើតឡើងកាលពីម៉ោងជាង១០យប់ ថ្ងៃទី ២៧ សីហា ២០២០ នៅចំណុចក្បែរប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់និមិត្តផ្ទាល់តែម្តង ។
បើតាមសំដីម្តាយជនរងគ្រោះបានប្រាប់ឲ្យដឹងថា នៅមុនពេលកេីតហេតុ មានមន្ត្រីនគរបាល២នាក់ បានដេីរតម្រង់មកកូនប្រុសរបស់គាត់ ខណៈនោះក៍មាននគរបាលម្នាក់បានដកកាំំភ្លើងបាញ់សំដៅកូនប្រុសរបស់គាត់ តែម្តង បណ្តាលឲ្យត្រូវចំធ្លាយពោះ ។ ក្រោយឃើញដូច្នោះ គាត់ក៍បានដឹកកូនប្រុសរបស់គាត់ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យឯកជនមួយក្នុងខេត្តបន្ទាយមានជ័យ។
ជនដៃដល់ត្រូវបានគេស្គាល់ឈ្មោះ រិទ្ឋី ពិសិដ្ឋ ជាមន្ត្រីនគរបាលទើបចូលថ្មីនៃប៉ុស្តិ៍រដ្ឋបាលនិមិត្តក្រុងប៉ោយប៉ែត និងត្រូវជាកូនប្រុសរបស់លោកឧត្តមសេនីយ៍ឯក(ផ្កាយ៣)ដ៍មានឥទ្ឋិពលម្នាក់នៅក្រសួងមហាផ្ទៃ តែឪពុកជនសង្ស័យបានចូលនិវត្តន៍ហើយ ។ ចំណែកជនរងគ្រោះមានឈ្មោះ នាង មករា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិ សង្កាត់ខាងលេី ។
ជុំវិញការបាញ់បោះសម្លាប់មនុស្ស សេរីហើយបណ្តាលយុវជនម្នាក់រងរបួស ប្រភពព័ត៌មានខ្លះ បានទម្លាយអោយដឹងថា ៖ សំណុំរឿងមិនត្រូវបានបញ្ជូនមកកាន់អយ្យការសាលាដំបូងខេត្តនោះទេ ដោយថាជនដៃដល់ជាមន្ត្រីនគរបាលជាប់ថ្មីនោះជាកូនលោកផ្កាយបីដ៏មានឥទ្ធិពលម្នាក់នៅក្នុងក្រសួងមហាផ្ទៃដែលទើបចូលនិវត្តន៍។ប្រភពបានបន្តទៀតថា មន្ត្រីនគរបាលរូបនោះ ត្រូវបានគេកែសំណុំរឿងអោយមានភាពធូរស្រាលដែលអាចដោះលែងអោយមានសេរីភាព ឬ ក៏ពិន័យរដ្ឋបាលអង្គភាព តាមរយះអង្គហេតុបាញ់ការពារខ្លួន…។យោងលើអង្គហេតុនេះ និង ប្រភពបែកធ្លាយករណីរត់ការ ចរចាជាមួយជនរងគ្រោះក្រៅប្រព័ន្ធតុលាការ ជនដៃដល់ ហាក់មានសង្ឃឹមច្រើនក្នុងការដោះលែង ដោយលើកលែងការចោទប្រកាន់ពីអយ្យការ។
យ៉ាងណាក៍ដោយ ស្នងការនគរបាលរងនគរបាលខេត្តបន្ទាយមានជ័យ លោក សិទ្ឋិ ឡោះ បានប្រាប់ប្រព័ន្ឋផ្សព្វផ្សាយក្នុងស្រុកថា ករណីខាងលើបានកើតមានមែន និងថាជនដៃដល់នឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃទី៣១ សីហានេះ ។ លោកស្នងការរងបញ្ជាក់ថា មិនមានការដោះលែងជនដៃដល់នោះទេ ព្រោះជាបទល្មើសព្រហ្មទណ្ឌ ហើយនឹងបន្តស្រាវជ្រាវសំណុំរឿងនេះបន្ថែមទៀត ។
មហាជនកំពុងរង់ចាំមើល ថាវាសនាមន្ត្រីនគរបាលជាជនដៃដល់ឈ្មោះ រិទ្ឋី ពិសិដ្ឋ អាចនឹងនៅក្រៅឃុំឬក៍យ៉ាងណា ហើយតើឪពុកដែលគេចោទថាជាមនុស្សមានឥទ្ធិពលនោះ អាចជួយកូនប្រុសដែលជាជនដៃដល់បានរឺយ៉ាងណា ? ហើយយុត្តិធ៌មអាមានទេសម្រាប់ជនរងគ្រោះ ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនោះ ? ៕