រដ្ឋាភិបាលថៃគោរពពលរដ្ឋខ្លួន សុខចិត្តពន្យារពេលទិញនាវាមុជទឹកពីចិន

លោក អា​នុ​ឆា ភូ​រ៉ា​ផាត់​ឆៃ​ស្រ៊ី (Anucha Burapachaisri) អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា លោកនាយក​រដ្ឋមន្ត្រី​ថៃ​លោក ប្រា​យុទ្ធ ចាន់​អូ​ចា បាន​ស្នើ​ឲ្យ​យោធា​ជើង​ទឹក​ពន្យារពេល ក្នុង​ការ​ទិញ​នាវាមុជទឹក​បន្ថែម​ពីរ​គ្រឿង​ពី​ចិន ហើយ​ខាង​យោធា​នឹង​ជួប​ចរចា​ជាមួយ​ចិន ដើម្បី​សុំ​ការ​ពន្យារពេល ០១​ឆ្នាំ​។​

​ការ​សម្រេច​របស់​រាជរដ្ឋាភិបាល​ថៃ​ខាងលើ​នេះ បាន​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​ប្រជាពលរដ្ឋ​ថៃ​ភាគច្រើន​បាន​រិះគន់​និង​បង្ហាញ​ការ​មិន​សប្បាយចិត្ត​ចំពោះ​រដ្ឋាភិបាល​ដែល​ចំណាយ​ថវិកាជាតិ​ជាង​៧០០​លាន​ដុល្លារ ដើម្បី​បញ្ជា​ទិញ​នាវាមុជទឹក​ពី​ចិន នៅ​គ្រា​ដែល​សេដ្ឋកិច្ចជាតិ​បាន​និង​កំពុង​ធ្លាក់​ចុះ​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ ។​

​បើ​យោង​តាម CNA រាជរដ្ឋាភិបាល​ថៃ និង ចិន បាន​បើក​ការ​ចរចា​គ្នា​កាលពី​ឆ្នាំ​២០១៥ លើ​ការ​ទិញ​បរិក្ខា​យោធា​ផ្នែក​ជើង​ទឹក​ពី​ចិន ហើយ​កិច្ចព្រមព្រៀង​មួយ​ក៍បាន​សម្រេច​កាលពី​ឆ្នាំ​២០១៧ ដោយ​ភាគី​ចិន បាន​សម្រេច​លក់​នាវាមុជទឹក​ចំនួន ០៣​គ្រឿង ទៅ​ឲ្យ​រាជរដ្ឋាភិបាល​ថៃ ក្នុង​នោះ​មួយ​គ្រឿង​ដំបូង​ត្រូវ​គេ​រំពឹង​ថា នឹង​ប្រគល់​ឲ្យ​មក​ដល់​ដៃ​ថៃ​នៅ​ឆ្នាំ​២០២៣​ខាង​មុខ ។​

​កាលពី​ស​ប្តា​ហ៍​ទី​៣​នៃ​ខែសីហា ២០២០​កន្លង​មកនេះ នាវាមុជទឹក​២​គ្រឿង​ទៀត ត្រូវ​បាន​អនុ​គណៈកម្មាធិការ​នៃ​សភា​ថៃ​បាន​អនុម័ត​យល់ព្រម​ឲ្យ​រដ្ឋាភិបាល​ទិញ​ពី​ចិន ដោយ​ចំណាយ​ថវិកាជាតិ​ចំនួន​២២.៥​ពាន់​លាន​បាត ប្រហាក់ប្រហែល ៧២៤​លាន​ដុល្លារ ប៉ុន្តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ថៃ​ភាគច្រើន​មិន​ពេញចិត្ត​និង​រិះគន់​៕