ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ PetroVietnam នឹង​ចាប់ផ្តើម​ខួងអណ្តូង​ប្រេង​នៅ​កម្ពុជា ចាប់ពី​ខែតុលា

ហាណូយ ៖ ក្រុមហ៊ុន The PetroVietnam Drilling & Well Service Corporation (PV Drilling) របស់​វៀតណាម បាន​អះអាង​ថា ក្រុមហ៊ុន​ខ្លួន​នឹង​អនុវត្ត​កិច្ចសន្យា​របស់​ខ្លួន ក្នុង​ការ​ខួងអណ្តូង​ថ្មី​ចំនួន​៥ សម្រាប់​ក្រុមហ៊ុន​ប្រេង Kris Energy ដែល​ការ​ខួងអណ្តូង​ប្រេង​នៅ​កម្ពុជា នឹង​មាន​រយៈពេល ៣​ខែ ដោយ​ចាប់ផ្តើម​ពី​ខែតុលា ឆ្នាំ​២០២០ ខាង​មុខ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​វៀតណាម vietnamnews ចុះ​ថ្ងៃ​ទី ២៩ សីហា ២០២០​នេះ ។

យោង​តាម​សាជីវកម្ម​ខាងលើ បានឱ្យ​ដឹង​ថា ក្រុមហ៊ុន​ខ្លួន​ក៏​នឹង​ខួងអណ្តូង​សម្រាប់​គម្រោង PV Drilling II នឹង​ចាប់ផ្តើម​យុទ្ធនាការ​ខួង​រយៈពេល ១០០​ថ្ងៃ នៅ​វៀតណាម​ចាប់ពី​ខែកញ្ញា ។

ទន្ទឹម​នឹង​នេះ​សាជីវកម្ម​មួយ​នេះ បាន​និយាយ​ថា ចាប់ពី​ខែសីហា ឆ្នាំ​២០២០ ចំនួន​នៃ​ការ​ដេញថ្លៃ​សម្រាប់​ការ​ខួង​យក​ប្រេង​នៅ​ឆ្នាំ​នេះ នៅ​វៀតណាម ក៏​ដូច​ជា​តំបន់​អាស៊ី​អាគ្នេយ៍ បាន​ថមថយ ដោយ​មាន​ឧបករណ៍​ជណ្តើរ​ខួង​ចំនួន ២៦ ក្នុង​ចំណោម​៦១ នៅ​ក្នុង​តំបន់​ដែល​គ្មាន​ការងារ​ធ្វើ ។

សាជីវកម្ម PV Drilling ក៏​ជួប​ប្រទះ​នឹង​ការ​លំបាក​ដូច​គ្នា​ដែរ នៅ​ពេល​ដែល​ឧបករណ៍​ខួង​ទាំង​២ របស់ PV Drilling II និង PV Drilling III ត្រូវ​បញ្ឈប់​ប្រតិបត្តិការ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ចាប់ពី​ខែកក្កដា ឆ្នាំ​២០២០ និង​ខែមិថុនា ឆ្នាំ​២០២០ រៀង​ៗ​ខ្លួន លឿន​ជាង​ផែនការ​ក្នុង​កិច្ចសន្យា ។

សាជីវកម្ម PV Drilling ជឿជាក់​ថា ឧបករណ៍​ជណ្តើរ​សម្រាប់​ខួងអណ្តូង អាច​ដំណើរការ​នៅ​ឆ្នាំ​ក្រោយ ក្នុង​នោះ​ចាប់ពី​ត្រីមាស​ទី​២ ឆ្នាំ​២០២១ ស្ថានីយ៍​ខួងអណ្តូង​ប្រេង PV នឹង​ចាប់ផ្តើម​អនុវត្ត​កិច្ចសន្យា​រយៈពេល​វែង​ដែល​បាន​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​ប្រេង​ប្រ៊ុ​យ​ណេ​សែ​ល​ប្រេង (BSP) ។

សាជីវកម្ម​នេះ​បាន​រាយការណ៍​ថា ខ្លួន​ទទួល​បាន​កំណើន​ប្រចាំឆ្នាំ​៦៤​ភាគរយ នៃ​ប្រាក់​ចំណូល​សរុប ក្នុង​រយៈពេល​៦ ខែ​ដំបូង នៃ​ឆ្នាំ​នេះ ដល់​ចំនួន ៣,១៨​ពាន់​លាន​ដុ​ង (១៣៧,៥​លាន​ដុល្លារ​អា​មេ​រិ​ក​) ខណៈ​ពេល​ដែល​ប្រាក់​ចំណេញ​ក្រោយ​ពន្ធ​របស់​ខ្លួន​បាន​ឈាន​ដល់ ៨២​ពាន់​លាន​ដុ​ង គឺ​ខ្ពស់​ជាង​ប្រាក់​ចំណេញ​វៀតណាម​២២,២ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល ៦​ខែ​ដំបូង​នៃ​ឆ្នាំ​កន្លង​មក ។

សូម​រម្លឹក​ថា សាជីវកម្ម Petro គឺជា​ក្រុមហ៊ុន​ប្រេងកាត​ជាតិ ដ៏​ធំ​របស់​វៀតណាម ។ កាលពី​ឆ្នាំ​២០០៩ ក្រុមហ៊ុន​នេះ ទទួល​បាន​សិទ្ធិ​ពី​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​រុករក​ប្រេង និង​ឧស្ម័ន​ធម្មជាតិ នៃ​តំបន់ ដីគោក ក្នុង​ប្លុក​១៥ ខេត្តកំពង់ធំ នៃ​ប្រទេស​កម្ពុជា ។ សាជីវកម្ម​វៀតណាម​មួយ​នេះ ធ្លាប់​បាន​រក​ឃើញ​តំបន់​ប្លុក ១៥ ថា ជាទី​តាំង​មាន​សក្តានុពល​រ៉ែ​ឧស្ម័ន​ធម្មជាតិ​ដ៏​ច្រើន​សន្ធឹកសន្ធាប់ និង​ធ្លាប់​បាន​សន្យា​ថា ខ្លួន​នឹង​ធ្វើ​ប្រតិបត្តិការ​ខួងអណ្តូង​ប្រេង​នៅ​អំឡុង ចុងឆ្នាំ​២០១៥ ឬ​ក៏​ដើមឆ្នាំ​២០១៦ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ មិន​ទាន់​មាន​សកម្មភាព​អ្វី​ឡើយ ៕