លោក អានុឆា ភូរ៉ាផាត់ឆៃស្រ៊ី (Anucha Burapachaisri) អ្នកនាំពាក្យរដ្ឋាភិបាលថៃ បាននិយាយនៅថ្ងៃចន្ទនេះថា លោកនាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានស្នើឲ្យយោធាជើងទឹកពន្យារពេល ក្នុងការទិញនាវាមុជទឹកបន្ថែមពីរគ្រឿងពីចិន ហើយខាងយោធានឹងជួបចរចាជាមួយចិន ដើម្បីសុំការពន្យារពេល ០១ឆ្នាំ។
ការសម្រេចរបស់រាជរដ្ឋាភិបាលថៃខាងលើនេះ បានធ្វើឡើងក្រោយពេលដែលប្រជាពលរដ្ឋថៃភាគច្រើនបានរិះគន់និងបង្ហាញការមិនសប្បាយចិត្តចំពោះរដ្ឋាភិបាលដែលចំណាយថវិកាជាតិជាង៧០០លានដុល្លារ ដើម្បីបញ្ជាទិញនាវាមុជទឹកពីចិន នៅគ្រាដែលសេដ្ឋកិច្ចជាតិបាននិងកំពុងធ្លាក់ចុះដោយសារជំងឺកូវីដ១៩ ។
បើយោងតាម CNA រាជរដ្ឋាភិបាលថៃ និង ចិន បានបើកការចរចាគ្នាកាលពីឆ្នាំ២០១៥ លើការទិញបរិក្ខាយោធាផ្នែកជើងទឹកពីចិន ហើយកិច្ចព្រមព្រៀងមួយក៍បានសម្រេចកាលពីឆ្នាំ២០១៧ ដោយភាគីចិន បានសម្រេចលក់នាវាមុជទឹកចំនួន ០៣គ្រឿង ទៅឲ្យរាជរដ្ឋាភិបាលថៃ ក្នុងនោះមួយគ្រឿងដំបូងត្រូវគេរំពឹងថា នឹងប្រគល់ឲ្យមកដល់ដៃថៃនៅឆ្នាំ២០២៣ខាងមុខ ។
កាលពីសប្តាហ៍ទី៣នៃខែសីហា ២០២០កន្លងមកនេះ នាវាមុជទឹក២គ្រឿងទៀត ត្រូវបានអនុគណៈកម្មាធិការនៃសភាថៃបានអនុម័តយល់ព្រមឲ្យរដ្ឋាភិបាលទិញពីចិន ដោយចំណាយថវិកាជាតិចំនួន២២.៥ពាន់លានបាត ប្រហាក់ប្រហែល ៧២៤លានដុល្លារ ប៉ុន្តែត្រូវបានប្រជាពលរដ្ឋថៃភាគច្រើនមិនពេញចិត្តនិងរិះគន់៕