ទីបំផុតទៅ បុរសល្បីនៅក្នុងសំណុំរឿងដកកាំភ្លើង AK ចេញពីក្នុងរថយន្តគំរាមគូទំនាស់ឈ្មោះ ញឹក ផល កូនប្រុសឧកញ៉ា ញឹក ផន ហៅ ០៩ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំងហើយនៅព្រឹកថ្ងៃទី០២ កញ្ញា ២០២០ ។
បើតាម ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន បានប្រាប់ប្រព័ន្ឋផ្សព្វផ្សាយក្នុងស្រុកឲ្យដឹងទៀតថា ញឹក ផល ត្រូវបានចោទប្រកាន់ពីបទគំរាមកំហែង និងកាន់កាប់ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត។
ឈ្មោះ ញឹក ផល ត្រូវបានឃាត់ខ្លួនកាលពីយប់ថ្ងៃទី០១ កញ្ញា ២០២០ បន្ទាប់ពីមានជម្លោះពេលកំពុងបើកបរលើដងវិថី ជាមួយអ្នកបើកបរម៉ូតូ នៅភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី៣១ សីហា ២០២០៕