ក្រុមយុវជនដែលអះអាងខ្លួនថាជាអ្នកការពារបរិស្ថានចំនួន៣នាក់និងត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅទីកន្លែង ផ្សេងៗគ្នាកាលពីថ្ងៃទី៣កញ្ញានោះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញហើយ នៅព្រឹកថ្ងៃទី០៥ កញ្ញានេះ ។
យុវជនបរិស្ថានទាំង៣នាក់នេះដែលត្រូវបានឃាត់ខ្លួនរួមមាន លោក ថុន រដ្ឋា, កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី ។ យុវជន ថុន រដ្ឋា ត្រូវអាជ្ញាធរកម្ពុជាជាច្រើននាក់ចុះទៅព័ន្ធផ្ទះជួលនៅក្នុងខណ្ឌពោធិ៍សែនជ័យ ដើម្បីចាប់ខ្លួនរូបគេ។ ការចាប់ខ្លួននេះ ក្រោមហេតុផលថា រូបគេបានបង្កើតបន្ទប់ផ្សព្វផ្សាយព័ត៌មាន និងធ្វើវីដេអូផ្សព្វផ្សាយដោយមិនមានច្បាប់អនុញ្ញាត។ ក្រោយចាប់ខ្លួន ផ្ទះជួលរបស់ថុន រដ្ឋា ក៏ត្រូវបានអាជ្ញាធរបិទជាបណ្តោះអាសន្នផងដែរ។
រីឯ យុវតីភួន កែវរស្មី និង ឡុង គន្ធា វិញ ត្រូវបានអាជ្ញាធរកម្ពុជាឃាត់ខ្លួននាំយកទៅសួរនាំ បន្ទាប់ពីពួកគេមានគម្រោងធ្វើដំណើរដោយថ្មើរជើងចេញពីវត្តភ្នំឆ្ពោះទៅភូមិគ្រឹះលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្បែរវិមានឯករាជ្យដោយស្លៀកពាក់ពណ៌សនៅថ្ងៃទី៣ កញ្ញា ដើម្បីស្នើជួបលោកនាយករដ្ឋមន្ត្រីផ្ទាល់ក្នុងគោលបំណងបង្ហាញអំពីក្ដីបារម្ភមួយចំនួនជុំវិញការលុបបឹងតាមោកដូចជា បញ្ហាជន់លិចទឹកក្នុងរាជធានីភ្នំពេញពេលភ្លៀងម្ដងៗ ផលប៉ះពាល់ចំពោះបរិស្ថាន ការបាត់បង់ជម្រកសត្វស្លាប រួមជាមួយជីវចម្រុះក្នុងបឹងជាដើម ប៉ុន្តែមិនទាន់បានធ្វើផង ពួកគេក៏ត្រូវបានចាប់ខ្លួន ។
ក្រុមយុវជនដែលត្រូវឃាត់ខ្លួនខាងលើ ត្រូវបានចោទប្រកាន់ពីបទ «ញុះញង់បង្កឲ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
លោកស្រីចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានសម្តែងនូវការសោកស្តាយចំពោះការចាប់ខ្លួន និងចោទប្រកាន់នេះ។ លោកស្រីថា នេះ គឺជារូបភាពគំរាមកំហែង និងបន្ទុកបង្អាក់ទៅកាន់យុវជនដទៃទៀតដែលចង់ធ្វើសកម្មភាពការពារបរិស្ថាន ឬបញ្ចេញមតិ។
ចំណែក លោកអំ សំអាត នាយករងផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូវិញយល់ថា ការចាប់ខ្លួន និងចោទប្រកាន់នេះ នឹងនាំឱ្យមានការរិះគន់បន្ថែមទៀតមកលើអាជ្ញាធរកម្ពុជារឿងរឹងត្បិតសេរីភាពជាមូលដ្ឋាន សិទ្ធិបញ្ចេញមតិ និងសិទ្ធិប្រមូលផ្តុំរបស់ប្រជាពលរដ្ឋ។
បន្ទាប់ពីលើកឡើងដូច្នេះ សកម្មជនការពារសិទ្ធិមនុស្សទាំងពីរក៏បានបញ្ជាក់ថា នឹងបន្តតាមដានឃ្លាំមើលករណីនេះ និងអំពាវនាវដល់អាជ្ញាធរកុំបន្តនីតិវិធីលើពួកគេ ហើយដោះលែងពួកគេឱ្យមានសេរីភាពឡើងវិញ ៕