ស្រ្តីម្នាក់ទៅឲ្យគ្រូពេទ្យ«​មន្ទីរពេទ្យ​ភ្នែក ដុក​ទ័​រ គង់ ពិសិដ្ឋ​»ចាក់ថ្នាំ១ម្ជុល ស្លាប់

ស្ត្រី​ម្នាក់​បាន​ប្រតិកម្ម​ថ្នាំ​បណ្តាល​ឲ្យ​គាំងបេះដូង​ស្លាប់​ភ្លាម​ៗ បន្ទាប់​ពី​ស្ត្រី​រូប​នោះ​ត្រូវ​គេ​អះអាង​ថា​បាន​ត្រូវ​គ្រូពេទ្យ​ចាក់​ថ្នាំ​ព្យាបាល​ភ្នែក ។​

​ហេតុការណ៍​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ល្ងាច​ថ្ងៃ​ទី​០៥ កញ្ញា ២០២០ នៅ​គ្លីនិក​ឯកជន​មួយ​ដែល​មាន​យីហោ​«​មន្ទីរពេទ្យ​ភ្នែក ដុក​ទ័​រ គង់ ពិសិដ្ឋ​» ដែល​គ្លីនិក​នេះ​មាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ​១០៨ ផ្លូវ​លេខ​១១០ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។​

​បើ​តាម​ប្រភព​ពី​ស្ត្រី​រង​គ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ឈ្មោះ សា​វន បច្ចុប្បន្ន​ស្នាក់​នៅ ម្ដុំ​បឹង​សាឡា​ង រាជធានី​ភ្នំពេញ និង​មាន​ប្តី​ជា​អ្នកលក់​សាច់​គោ​។​

​សាច់ញាតិ​ជន​រង​គ្រោះ​បាន​រៀបរាប់​ទៀត​ថា ប្អូន​របស់​ខ្លួន មាន ជំងឺ​ភ្នែក ទើប​មក​ទទួល​សេវា ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន មួយ​នេះ​។​

​ក្រោយ​ពេល​ចាក់​ថ្នាំ​តាម​ការ​កំណត់ ស្រាប់តែ​ជន​រង​គ្រោះ​ប្រតិកម្ម​ជាមួយ​ថ្នាំ​បណ្ដាល​ឲ្យ​គាំងបេះដូង​ស្លាប់​។​

​បើ​តាម​សាច់ញាតិ​គឺ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​មិន​បាន​ដាក់​ពាក្យ​ប្តឹង​គ្លីនិក​ខាងលើ​នេះ​ទេ ក្រោយ​ពី​គ្រួសារ​ជន​រង​គ្រោះ​ព្រម​ទទួល​សំណង​ចំនួន​៨០០០​ដុល្លារ ដើម្បី​បិទ​បញ្ចប់រឿង ។​

​សព​ជន​រង​គ្រោះ ត្រូវ​បាន​ក្រុម​គ្រួសារ​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​ក្រគរ​ខេត្តពោធិ៍សាត់ ។​

​ក្រុម​អ្នក​តាមដាន​សង្គម​មួយ​ចំនួន​បាន​ប្រតិកម្ម​ក្រោយ​ទទួល​បាន​ព័ត៌មាន​នេះ ដោយ​លើក​ឡើង​ថា ទោះជា​ក្រុម​គ្រួសារ​រង​គ្រោះ​ទទួលយក​សំណង​និង​មិន​ប្តឹង​ក៍ដោយ ក៍​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ក៍​ដូច​ជា​ក្រសួងសុខាភិបាល​ចុះ​មក​ពិនិត្យ​និង​បើក​ការ​ស្រាវជ្រាវ​ថា​តើ​គ្លីនិក​យីហោ​«​មន្ទីរពេទ្យ​ភ្នែក ដុក​ទ័​រ គង់ ពិសិដ្ឋ​»​ធ្លាប់​មាន​បញ្ហា​អី​ដែរ​អត់​ចាប់តាំងពី​ការ​បើក​ដំណើរការ​មក ហើយ​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ដែរ​ឬទេ និង​គ្រូពេទ្យ​ជំនាញ​នៅ​គ្លីនិក​នេះ​មាន​ជំនាញ​វិជ្ជាជីវៈ​ទទួលស្គាល់​កម្រិត​ណា ហើយ​បើ​អត់​មាន​ទេ​គួរ​ចាត់វិធានការ​ច្បាប់​បែប​ណា ?​។ អាយុជីវិត​ពលរដ្ឋ ឬ អ្នកជំងឺ​មិន​មាន​តម្លៃ​ត្រឹម​៨០០០​ដុល្លារ​នោះ​ទេ ? ។

នៅម៉ោង២រសៀលថ្ងៃទី០៦ កញ្ញា ២០២០នេះ «អង្រុត»មិនអាចរកការសុំអត្ថាធិប្បាយបំភ្លឺបានទេពីម្ចាស់គ្លីនិក ក៍ដូចជាគ្រូពេទ្យជំនាញនៃគ្លីនិក«​មន្ទីរពេទ្យ​ភ្នែក ដុក​ទ័​រ គង់ ពិសិដ្ឋ​» និងអ្នកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល ៕