ជាថ្មីម្តងទៀត ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ បានបញ្ជាឲ្យមន្ត្រីគយរបស់ខ្លួនបាញ់សម្លាប់ឈ្មួញជួញដូរគ្រឿងញៀននៅនឹងកន្លែង ប្រសិនបើឃើញបទល្មើសជាក់ស្តែង ។
នៅលើកញ្ចក់ទូរទស្សន៍ លោកប្រធានាធិបតីជើងខ្លាំងខាងកម្ទេចឈ្មួញនិងបោសសម្អាតការជួញដូរគ្រឿងញៀនរូបនេះ បានបង្ហើបឲ្យពលរដ្ឋខ្លួនដឹងថា កន្លងមក លោកបានអនុម័តកញ្ចប់ថវិកាសម្រាប់គណៈកម្មាធិការគយដើម្បីទិញកាំភ្លើងទុកប្រតិបត្តិការបោសសម្អាតឈ្មួញគ្រឿងញៀន ប៉ុន្តែមកទល់ពេលនេះ លោកមិនទាន់ទទួលរបាយការណ៍ណាមួយពីការបាញ់សម្លាប់ឈ្មួញថ្នាំញៀនណាម្នាក់នៅឡើយ ពីសំណាក់មន្ត្រីគណៈកម្មាធិការគយ ខណៈការជួញដូរគ្រឿងញៀនក្នុងប្រទេសមិនថមថយ។
បើតាម The Guardian លោក ឌូទើតេ បានបញ្ជាជាថ្មីឲ្យប្រធានគណៈកម្មាធិការគយ លោក រ៉េ ឡេអូណាដូ ហ្គេរ៉េរ៉ូ បាញ់សម្លាប់ឈ្មួញថ្នាំញៀនភ្លាមៗនឹងកន្លែង ប្រសិនបើរកឃើញថាជាបទឧក្រិដ្ឋជាក់ស្តែងដោយលោកធានានឹងមិនមានមេគយ ឬមន្ត្រីណាម្នាក់ជាប់ពន្ធនាគារ ដោយសារតែការបាញ់សម្លាប់ ឈ្មួញថ្នាំញៀននោះឡើយ ។
យោងតាមរបាយការណ៍មួយដែលចេញផ្សាយដោយអង្គការសហប្រជាជាតិកាលពីខែមិថុនា ២០២០ បានឲ្យដឹងថា មានប្រជាជនចំនួនរាប់ពាន់នាក់នៅក្នុងប្រទេសហ្វីលីពីនទំនងជាអាចត្រូវបានសម្លាប់នៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនដោយសារតែក្រុមប៉ូលីសទទួលបានទណ្ឌភាព (ការដែលមានត្រូវបានដាក់ទោស) ក្នុងពេលចុះប្រតិបត្តិការបង្ក្រាបនិងព្រមគ្នានិងការញុះញង់ឱ្យមានអំពើហឹង្សាសំណាក់មន្ត្រីជាន់ខ្ពស់ផងដែរ។
យ៉ាងណាមិញ ផ្អែកតាមទិន្នន័យរបស់រដ្ឋាភិបាលហ្វីលីពីនបានបញ្ជាក់អំពីចំនួនជនសង្ស័យជាប់ចោទពីបទជួញដូរនិងប្រើប្រាស់គ្រឿងញៀនដែលត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការប្រឆាំងគ្រឿងញៀនរបស់ប៉ូលីសចាប់តាំងពីខែកក្កដា ឆ្នាំ ២០១៦មក គឺមានចំនួន ៥៦០០នាក់ ៕