ប្រធានក្រុមអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានថ្លែងថា មិនថានៅប្រទេសណាទេ ពិសេសប្រទេសធំៗដូចជាសហរដ្ឋអាមេរិក ឬ បារាំងជាដើម គឺឲ្យតែបំពានច្បាប់ គឺគេបង្ក្រាបហើយ ។
នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអេឡិចត្រូនិក Thmey Thmey កាលពីថ្ងៃម្សិលមិញ លោករដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីផងនោះក៍បានបញ្ជាក់ទៀតថា «នាំគ្នាទៅតតាំងនឹងតុលាការ ប្រទេសណាក៏គេបង្ក្រាបដែរ» ។
ការលើកឡើងរបស់លោក ផៃ ស៊ីផាន ខាងលើនេះ បានធ្វើឡើងនៅបន្ទាប់ពីការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter របស់ខ្លួនជុំវិញករណីចាប់ខ្លួនក្រុមយុវជន«ថាវរៈ»និងយុវជនចលនាមាតាធម្មជាតិពីសំណាក់សមត្ថកិច្ចរាជរដ្ឋាភិបាលដោយបញ្ជាក់ថា ទោះបីជាការជួបជុំឬការប្រមូលផ្តុំនៅកម្ពុជា មានលក្ខណៈសន្តិវិធីក្តី តែនៅតែមានការចាប់ខ្លួន និងឧប្បត្តិហេតុមួយចំនួន កើតឡើងពីការប្រើប្រាស់ «កម្លាំងហួសប្រមាណ» ទប់ទល់នឹងក្រុមបាតុករ ដែលភាគច្រើនជាស្ត្រីនិងជាយុវជន។ជាមួយគ្នានេះដែរតំណាងស្ថាប័នអង្គការសហប្រជាជាតិដ៍ធំមួយនេះ ក៍បានអំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ឋគោរពសិទ្ឋិអ្នកតវ៉ាផងដែរ ។
យ៉ាងណាក៍ដោយ ប្រធានក្រុមអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានឆ្លើយតបទៅនឹងតំណាងឧត្តមស្នងការសិទ្ឋិមនុស្សប្រចាំកម្ពុជាដោយចាត់ទុកសារខាងលើ គ្រាន់តែជាការព្រួយបារម្មណ៍របស់ឧត្តមស្នងការអង្គការសហប្រជាជាតិ ហើយលោកសង្កត់ធ្ងន់ថា ឧត្តមស្នងការអង្គការសហប្រជាជាតិ មិនមែនជាអ្នកកំណត់ជោគវាសនាកម្ពុជាឡើយ។
ជុំវិញករណីខាងលើនេះដែរ អ្នកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិ ទទួលបន្ទុកសង្កេតមើលបញ្ហាសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា បានបង្ហាញក្តីកង្វល់ចំពោះការចាប់សកម្មជនបរិស្ថាន៣នាក់ (នៃចលនាមាតាធម្មជាតិ) និងមនុស្សមួយចំនួនទៀត ដោយមានទាំងព្រះសង្ឃ១អង្គផងដែរ ក្រោមបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សង្គម។ អ្នកស្រី ថ្លែងថា សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ការបង្កើតសមាគម និង ការជួបជុំដោយសន្តិវិធី ត្រូវបានការពារដោយបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ក៏ដូចជារដ្ឋធម្មនុញ្ញកម្ពុជាផងដែរ។
អ្នកជំនាញផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិរូបនេះ សរសេរលើទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី០៨ កញ្ញា ២០២០ថា៖«ខ្ញុំ សូមលើកទឹកចិត្តដល់អាជ្ញាធរកម្ពុជា ធានាថា សិទ្ធិទាំងនេះ ត្រូវបានគោរពនិងការពារ ហើយបង្កើតបរិយាកាសមួយ ដែលបុគ្គលម្នាក់ៗ អាចអនុវត្តសិទ្ធិទាំងនេះ»។ អ្នកស្រី បន្តថា៖«ខ្ញុំ សូមជំរុញឲ្យបញ្ជូនអ្នកដែលត្រូវបានចាប់ខ្លួនទាំងនោះទៅតុលាការ ហើយត្រូវគោរពឲ្យបានពេញលេញនូវសិទ្ធិទទួលបាននីតិវិធីត្រឹមត្រូវរបស់ពួកគេ។ ខ្ញុំ កំពុងតាមដានព្រឹត្តិការណ៍ទាំងនេះយ៉ាងដិតដល់នៅក្នុងប្រទេសកម្ពុជា»។
កាលពីថ្ងៃម្សិលមិញ ក្រសួងមហាផ្ទៃ បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា ក្រុមយុវជនថាវរៈ និងក្រុមយុវជនចលនាមាតាធម្មជាតិ បាននិងកំពុងធ្វើសកម្មភាពដែលមានចរិតបំផុស ញុះញង់ធ្វើឲ្យប៉ះពាល់ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបង្កភាពចលាចលវឹកវរក្នុងសង្គម តាមរយៈការប្រើប្រាស់បណ្តាញសង្គម និងបណ្តាញព័ត៌មានមួយចំនួនទៀត ដើម្បីផ្សព្វផ្សាយអត្ថបទ ខិត្តប័ណ្ណ រូបភាពនានា ខ្សែវីដេអូ និងធ្វើបាតុកម្មដោយគ្មានការអនុញ្ញាតនោះថែមទៀត ។
បើតាមក្រសួងមហាផ្ទៃ ក្រុមយុវជនថាវរៈ និងយុវជនចលនាមាតាធម្មជាតិ កំពុងធ្វើសកម្មភាពក្រោមរូបភាពដែលមានអង្គការចាត់តាំងច្បាស់លាស់ និងមិនបានចុះបញ្ជីឈ្មោះនៅក្រសួងមហាផ្ទៃស្របតាមច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលនោះទេ ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែល ក្រសួងមហាផ្ទៃ ក៍បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំចូលរួមក្នុងសកម្មភាពខុសច្បាប់ជាមួយក្រុមយុវជនទាំងពីរខាងលើ ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃខាងលើ បានធ្វើឡើងក្រោយពេលក្រុមយុវជនថាវរៈ និង យុវជនចលនាមាតាធម្មជាតិ ប្រកាន់ជំហរធ្វើបាតុកម្មតវ៉ាដើម្បីទាមទារឲ្យមានការដោះលែងលោក រ៉ុង ឈុន និងសកម្មជនមួយចំនួនទៀត ទោះបីជាអាជ្ញាធរមិនអនុញ្ញាត រហូតដល់មានការចាប់ខ្លួនសកម្មជនជាង១០នាក់ បញ្ជូនទៅតុលាការនិងមួយចំនួនកំពុងឃុំខ្លួននៅពន្ឋនាគារព្រៃស ៕