លោក ផៃ ស៊ីផាន ថាឲ្យតែបំពានច្បាប់គឺគេបង្រ្កាបហើយ

ប្រធាន​ក្រុម​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល លោក ផៃ ស៊ី​ផា​ន បាន​ថ្លែង​ថា មិន​ថា​នៅ​ប្រទេស​ណា​ទេ ពិសេស​ប្រទេស​​ធំ​ៗ​ដូច​ជា​សហរដ្ឋអាមេរិក ឬ បារាំង​ជាដើម គឺ​ឲ្យ​តែ​បំពាន​ច្បាប់ គឺ​គេ​បង្ក្រាប​ហើយ ។​

​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​អេ​ឡិច​ត្រូ​និក Thmey Thmey កាលពី​ថ្ងៃ​ម្សិលមិញ លោក​រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​ផង​នោះ​ក៍បាន​បញ្ជាក់​ទៀត​ថា «​នាំ​គ្នា​ទៅ​តតាំង​នឹង​តុលាការ ប្រទេស​ណា​ក៏​គេ​បង្ក្រាប​ដែរ​» ។​

​ការ​លើក​ឡើង​របស់​លោក ផៃ ស៊ី​ផា​ន ខាងលើ​នេះ បាន​ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​ការិយាល័យ​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា (OHCHR) បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម Twitter របស់​ខ្លួន​ជុំវិញ​ករណី​ចាប់ខ្លួន​ក្រុម​យុវជន​«​ថាវរៈ​»​និង​យុវជន​ចលនា​មាតា​ធម្មជាតិ​ពី​សំណាក់​សមត្ថកិច្ច​រាជរដ្ឋាភិបាល​ដោយ​បញ្ជាក់​ថា ទោះបីជា​ការ​ជួបជុំ​ឬ​ការ​ប្រមូលផ្តុំ​នៅ​កម្ពុជា មាន​លក្ខណៈ​សន្តិវិធី​ក្តី តែ​នៅ​តែ​មានការ​ចាប់ខ្លួន និង​ឧប្បត្តិហេតុ​មួយ​ចំនួន កើតឡើង​ពី​ការ​ប្រើប្រាស់ «​កម្លាំង​ហួសប្រមាណ​» ទប់ទល់​នឹង​ក្រុម​បាតុករ ដែល​ភាគច្រើន​ជា​ស្ត្រី​និង​ជា​យុវជន​។​ជាមួយ​គ្នា​នេះ​ដែរ​តំណាង​ស្ថាប័ន​អង្គការសហប្រជាជាតិ​ដ៍​ធំ​មួយ​នេះ ក៍បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ពាក់​ព័​ន្ឋ​គោរព​សិ​ទ្ឋិ​អ្នក​តវ៉ា​ផង​ដែរ ។​

​យ៉ាងណា​ក៍ដោយ ប្រធាន​ក្រុម​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល លោក ផៃ ស៊ី​ផា​ន បាន​ឆ្លើយ​តប​ទៅ​នឹង​តំណាង​ឧត្តម​​ស្នងការ​សិ​ទ្ឋិ​មនុស្ស​ប្រចាំ​កម្ពុជា​ដោយ​ចាត់​ទុក​សារ​ខាងលើ គ្រាន់តែ​ជា​ការ​ព្រួយ​បារ​ម្ម​ណ៍​របស់​ឧត្តម​ស្នងការ​អង្គការសហប្រជាជាតិ ហើយ​លោក​សង្កត់ធ្ងន់​ថា ឧត្តមស្នងការ​អង្គការសហប្រជាជាតិ មិនមែន​ជា​អ្នក​កំណត់​ជោគវាសនា​កម្ពុជា​ឡើយ​។​

​ជុំវិញ​ករណី​ខាងលើ​នេះ​ដែរ អ្នកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សង្កេត​មើល​បញ្ហា​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា បាន​បង្ហាញ​ក្តី​កង្វល់​ចំពោះ​ការ​ចាប់​សកម្មជន​បរិស្ថាន​៣​នាក់ (​នៃ​ចលនា​មាតា​ធម្មជាតិ​) និង​មនុស្ស​មួយ​ចំនួន​ទៀត ដោយ​មាន​ទាំង​ព្រះសង្ឃ​១​អង្គ​ផង​ដែរ ក្រោម​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សង្គម​។ អ្នកស្រី ថ្លែង​ថា សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ការ​បង្កើត​សមាគម និង ការ​ជួបជុំ​ដោយ​សន្តិវិធី ត្រូវ​បានការ​ពារ​ដោយ​បទដ្ឋាន​សិទ្ធិ​មនុស្ស​អន្តរជាតិ ក៏​ដូច​ជា​រដ្ឋធម្មនុញ្ញ​កម្ពុជា​ផង​ដែរ​។​

​អ្នកជំនាញ​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការសហប្រជាជាតិ​រូប​នេះ សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក នៅ​ព្រឹក​ថ្ងៃ​ទី​០៨ កញ្ញា​ ២០២០ថា​៖«​ខ្ញុំ សូម​លើកទឹកចិត្ត​ដល់​អាជ្ញាធរ​កម្ពុជា ធានា​ថា សិទ្ធិ​ទាំងនេះ ត្រូវ​បាន​គោរព​និង​ការពារ ហើយ​បង្កើត​បរិយាកាស​មួយ ដែល​បុគ្គល​ម្នាក់​ៗ អាច​អនុវត្ត​សិទ្ធិ​ទាំងនេះ​»​។ អ្នកស្រី បន្ត​ថា​៖«​ខ្ញុំ សូម​ជំរុញ​ឲ្យ​បញ្ជូន​អ្នក​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ទាំងនោះ​ទៅ​តុលាការ ហើយ​ត្រូវ​គោរព​ឲ្យ​បាន​ពេញលេញ​នូវ​សិទ្ធិ​ទទួល​បាន​នីតិវិធី​ត្រឹមត្រូវ​របស់​ពួក​គេ​។ ខ្ញុំ កំពុង​តាមដាន​ព្រឹត្តិការណ៍​ទាំងនេះ​យ៉ាង​ដិត​ដល់​នៅ​ក្នុង​ប្រទេស​កម្ពុជា​»​។​

​កាលពី​ថ្ងៃ​ម្សិលមិញ ក្រសួងមហាផ្ទៃ បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ថា ក្រុម​យុវជន​ថាវរៈ និង​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ បាន​និង​កំពុង​ធ្វើ​សកម្មភាព​ដែល​មាន​ចរិត​បំផុស ញុះញង់​ធ្វើ​ឲ្យ​ប៉ះពាល់​ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​បង្ក​ភាព​ចលាចល​វឹកវរ​ក្នុង​សង្គម តាម​រយៈ​ការ​ប្រើប្រាស់​បណ្តាញ​សង្គម និង​បណ្តាញ​ព័ត៌មាន​មួយ​ចំនួន​ទៀត ដើម្បី​ផ្សព្វផ្សាយ​អត្ថបទ ខិត្តប័ណ្ណ រូបភាព​នានា ខ្សែ​វី​ដេ​អូ និង​ធ្វើ​បាតុកម្ម​ដោយ​គ្មាន​ការ​អនុញ្ញាត​នោះ​ថែម​ទៀត ។​

​បើ​តាម​ក្រសួងមហាផ្ទៃ ក្រុម​យុវជន​ថាវរៈ និង​យុវជន​ចលនា​មាតា​ធម្មជាតិ កំពុង​ធ្វើ​សកម្មភាព​ក្រោម​រូបភាព​ដែល​មាន​អង្គការ​ចាត់តាំង​ច្បាស់លាស់ និង​មិន​បាន​ចុះបញ្ជី​ឈ្មោះ​នៅ​ក្រសួងមហាផ្ទៃ​ស្រប​តាម​ច្បាប់​ស្តី​ពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នោះ​ទេ ។​

​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល ក្រសួងមហាផ្ទៃ ក៍បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ កុំ​ចូលរួម​ក្នុង​សកម្មភាព​ខុសច្បាប់​ជាមួយ​ក្រុម​យុវជន​ទាំង​ពីរ​ខាងលើ ។​

​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងមហាផ្ទៃ​ខាងលើ បាន​ធ្វើ​ឡើង​ក្រោយ​ពេល​ក្រុម​យុវជន​ថាវរៈ និង យុវជន​ចលនា​មាតា​ធម្មជាតិ ប្រកាន់​ជំហរ​ធ្វើ​បាតុកម្ម​តវ៉ា​ដើម្បី​ទាមទារ​ឲ្យ​មានការ​ដោះ​លែង​លោក រ៉ុ​ង ឈុ​ន និង​សកម្មជន​មួយ​ចំនួន​ទៀត ទោះបីជា​អាជ្ញាធរ​មិន​អនុញ្ញាត រហូត​ដល់​មានការ​ចាប់ខ្លួន​សកម្មជន​ជាង​១០​នាក់ បញ្ជូន​ទៅ​តុលាការ​និង​មួយ​ចំនួន​កំពុង​ឃុំខ្លួន​នៅ​ព​ន្ឋ​នាគារ​ព្រៃ​ស ៕