អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានក្រុមណា បក្សណា អាចបំផ្លាញស្ថិរភាពបាននោះទេ ដោយសារតែកងកម្លាំងប្រដាប់អាវុធថែរក្សា ។
ការថ្លែងរបស់កូនប្រុសច្បងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខាងលើនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៩ កញ្ញា ២០២០ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីពិធីអបអរសាទរខួបអនុស្សាវរីយ៍គម្រប់ ៣០ឆ្នាំ ថ្ងៃប្រកាសបង្កើតកងវរសេនាតូចលេខ២៤៦ និងខួបអនុស្សាវរីយ៍គម្រប់១១ឆ្នាំ នៃការបង្កើតបញ្ជាការដ្ឋានអង្គរក្ស នៅបញ្ជាការដ្ឋានអង្គរក្ស ក្រុងតាខ្មៅ ខេត្តកណ្តាល ។
បើតាម BTV Radio បានស្រង់ការថ្លែងរបស់លោក ហ៊ុន ម៉ាណែត មកបញ្ជាក់ទៀតថា«ភារកិច្ចរបស់កងទ័ព គឺហ្វឹកហ្វឺន ត្រៀមប្រយុទ្ធ ត្រៀមដើម្បីចូលរួមក្នុងការការពារបូរណភាពទឹកដី សុខសន្តិភាព ស្ថេរភាពជូនប្រជាពលរដ្ឋ។»។
លោកបន្តថា «មានមជ្ឈដ្ឋានខ្លះ អ្នកនយោបាយ អង្គសង្គមស៊ីវិល និងវិទ្យុមួយចំនួនបានលើកជាប្រចាំធ្វើយ៉ាងណាឲ្យមហាជនបាត់ជំនឿទៅលើកងទ័ព ហើយកងទ័ពខ្លួនមានសំណួរថា តើខ្លួនឯងធ្វើត្រូវឬទេ ? នេះគឺជាសង្គ្រាមចិត្តសាស្ត្រមួយ ព្រោះកងកម្លាំងប្រដាប់ គឺជាខែលដ៏សំខាន់សម្រាប់ជាតិរបស់យើង។ គេវ៉ៃគ្រប់បែបយ៉ាង គ្រប់វិធីសាស្ត្រទាំងអស់ កាំបិតចាក់តែចាក់វាមិនមុត ចាក់ត្រូវវាបាក់ ដោយសារខែលវាក្រាស់។ ប៉ុន្តែអ្វីដែលគេចង់បាន គឺវ៉ៃបំបាក់ខែលការពារជាតិ គឺកងកម្លាំងគ្រប់ប្រភេទរបស់យើង វ៉ៃតាមរយៈការវ៉ៃពីខាងក្រៅ បង្កើនទម្ងន់ឲ្យមហាជនដាក់សម្ពាធ និងវ៉ៃពីខាងក្នុងតាមរយៈច្រេះស៊ីដែកឲ្យកងកម្លាំងរបស់យើងឆាប់បាត់ជំនឿលើរដ្ឋាភិបាល ហើយបាត់ជំនឿទៅលើតួនាទីភារកិច្ចរបស់ខ្លួន។»៕