ខ្មែរនិងវៀតណាម បានចុះសន្ធិសញ្ញារួមគ្នាស្តីពីការផ្ទេរទណ្ឌិតគ្នាទៅវិញទៅមក ហើយដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី០១ តុលា ២០២០នេះតទៅ ។
នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ផ្ញើជូនរដ្ឋមន្ត្រីក្រសួងយុត្តិធ៌ម លោក កើតរិទ្ធ ដែលត្រូវបានគេផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃម្សិលមិញ។
សូមបញ្ជាក់ផងដែរថា ខ្មែរនិងវៀតណាម បានផ្តើមពិភាក្សាជាមួយគ្នាអំពីការបង្កើតសន្ធិសញ្ញាផ្ទេរទណ្ឌិតនេះ តាំងពីចុងឆ្នាំ២០១៦ ប៉ុន្តែរហូតដល់ខែមីនា ឆ្នាំ២០២០ រដ្ឋសភាកម្ពុជា បានអនុម័តយល់ព្រមលើសន្ធិសញ្ញានេះ និងក្រោយមក ក៏ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យប្រកាសឲ្យប្រើប្រាស់ ហើយនឹងត្រូវចូលជាធរមាន (ចាប់ផ្តើមអនុវត្ត) នៅថ្ងៃទី០១ តុលា ២០២០ ខាងមុខនេះតទៅ ។
តាមរយៈសន្ឋិសញ្ញាខាងលើ និង ការខិតខំប្រឹងប្រែងរបស់ក្រសួងយុត្តិធ៌ម ក៍ដូចជាក្រសួងស្ថាប័នជំនាញពាក់ ព័ន្ឋផ្សេងទៀតក្នុងការការពារស្ត្រីខ្មែរម្នាក់ឈ្មោះ ម៉ិច ស្រីនាង ដែលតុលាការប្រជាជនវៀតណាមកាត់ក្តីដោយសម្រេចផ្តន្ទាទោសប្រហារជីវិតក្នុងសំណុំរឿងជួញដូរគ្រឿងញៀនកាលពីថ្ងៃទី៣១ កក្កដា ២០២០កន្លងទៅ នឹងត្រូវបានយកមកផ្តន្ទាទោសនៅក្នុងប្រទេសខ្មែរ ហើយសង្ឃឹមថានឹងមិនត្រូវបានប្រហារជីវិតតាមរដ្ឋធម្មនុញ្ញរបស់ប្រទេសខ្មែរដែលកាន់ព្រះពុទ្ឋសាសនានោះទេ ។
សូមរំឮកថា ម៉ិច ស្រីនាង ត្រូវបានប៉ូលិសវៀតណាមឃាត់ខ្លួនកាលពីថ្ងៃទី ០២ ធ្នូ ២០១៩ នៅច្រកទ្វារអន្តរជាតិម៉ុកបៃ ក្នុងខេត្តតៃនិញប្រទេសវៀតណាម ហើយក៍ត្រូវបានតុលាការប្រជាជនខេត្តតៃនិញ លើកយកមកបើកសវនាការកាលពីថ្ងៃទី៣១ កក្កដា ២០២០ ដោយសម្រេចឲ្យប្រហារជីវិត ក្រោយពីតុលាការប្រទេសកុម្មុយនីស្តក្បែរខាងកម្ពុជានេះ អះអាងថាខ្លួនរកឃើញភស្តុតាងគ្រឿងញៀនប្រភេទ មេតំហ្វេតាមីនចំនួន៥កញ្ចប់ ស្មើនឹង ៤.៩៤៣ក្រាមនៅជាប់នឹងខ្លួន ម៉ិច ស្រីនាង ៕