តើស្រ្តីខ្មែរម្នាក់រួចផុតពីការប្រហារជីវិតទេ ក្រោយសន្ឋិសញ្ញាដូរទណ្ឌិតខ្មែរវៀតណាមចូលជាធរមាន?

ខ្មែរ​និង​វៀតណាម បាន​ចុះ​សន្ធិសញ្ញា​រួម​គ្នា​ស្តី​ពី​ការ​ផ្ទេរ​ទណ្ឌិត​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ដែល​នឹង​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃ​ទី​០១ តុលា ២០២០​នេះ​តទៅ ។​

​នេះ​បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ផ្ញើ​ជូន​រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ៌​ម លោក កើត​រិ​ទ្ធ ដែល​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​ជា​សាធារណៈ​កាលពី​ថ្ងៃ​ម្សិលមិញ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ខ្មែរ​និង​វៀតណាម បាន​ផ្តើម​ពិភាក្សា​ជាមួយ​គ្នា​អំពី​ការ​បង្កើត​សន្ធិសញ្ញា​ផ្ទេរ​ទណ្ឌិត​នេះ តាំងពី​ចុងឆ្នាំ​២០១៦ ប៉ុន្តែ​រហូត​ដល់​ខែមីនា ឆ្នាំ​២០២០ រដ្ឋសភា​កម្ពុជា បាន​អនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​នេះ និង​ក្រោយមក ក៏​ត្រូវ​បាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​ប្រកាស​ឲ្យ​ប្រើប្រាស់ ហើយនឹង​ត្រូវ​ចូល​ជា​ធរមាន (​ចាប់ផ្តើម​អនុវត្ត​) នៅ​ថ្ងៃ​ទី​០១ តុលា ២០២០ ខាង​មុខ​នេះ​តទៅ ។​

​តាមរ​យៈស​ន្ឋិ​សញ្ញា​ខាងលើ និង ការ​ខិតខំ​ប្រឹងប្រែង​របស់​ក្រសួង​យុ​ត្តិ​ធ៌​ម ក៍​ដូច​ជា​ក្រសួង​ស្ថាប័ន​ជំនាញ​ពាក់ ព័​ន្ឋ​ផ្សេង​ទៀត​ក្នុង​ការ​ការពារ​ស្ត្រី​ខ្មែរ​ម្នាក់​ឈ្មោះ ម៉ិច ស្រី​នាង ដែល​តុលាការ​ប្រជាជន​វៀតណាម​កាត់ក្តី​ដោយ​សម្រេច​ផ្តន្ទាទោស​ប្រហារជីវិត​ក្នុង​សំណុំរឿង​ជួញដូរ​គ្រឿងញៀន​កាលពី​ថ្ងៃ​ទី​៣១ កក្កដា ២០២០​កន្លង​ទៅ នឹង​ត្រូវ​បាន​យក​មក​ផ្តន្ទាទោស​នៅ​ក្នុង​ប្រទេស​ខ្មែរ ហើយ​សង្ឃឹមថានឹង​មិន​ត្រូវ​បាន​ប្រហារជីវិត​តាម​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​ខ្មែរ​ដែល​កាន់​ព្រះ​ពុ​ទ្ឋ​សាសនា​នោះ​ទេ ។​

​សូម​រំ​ឮ​កថា ម៉ិច ស្រី​នាង ត្រូវ​បាន​ប៉ូលិស​វៀតណាម​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី ០២ ធ្នូ ២០១៩ នៅ​ច្រក​ទ្វារ​អន្តរជាតិ​ម៉ុ​ក​បៃ ក្នុង​ខេត្ត​តៃ​និ​ញ​ប្រទេស​វៀតណាម ហើយក៍​ត្រូវ​បាន​តុលាការ​ប្រជាជន​ខេត្ត​តៃ​និ​ញ លើកយក​មក​បើក​សវនាការ​កាលពី​ថ្ងៃ​ទី​៣១ កក្កដា ២០២០ ដោយ​សម្រេច​ឲ្យ​ប្រហារជីវិត ក្រោយ​ពី​តុលាការ​ប្រទេស​កុម្មុយនីស្ត​ក្បែរ​ខាង​កម្ពុជា​នេះ អះអាង​ថា​ខ្លួន​រក​ឃើញ​ភស្តុ​តាង​គ្រឿងញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន​ចំនួន​៥​កញ្ចប់ ស្មើនឹង ៤.៩៤៣​ក្រាម​នៅ​ជាប់​នឹង​ខ្លួន ម៉ិច ស្រី​នាង ៕