រាជធានីភ្នំពេញ ៖ ស្គាល់អត្តសញ្ញាណនារីម្នាក់ ដែលលោតទឹកសម្លាប់ខ្លួន នៅលើស្ពានជ្រោយចង្វារ នាយប់ទាបភ្លឺឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ តាមរយៈការចែកចាយនូវសាររំលែកទុក្ខ និងការសោកស្ដាយពីសំណាក់មិត្តភ័ក្ររបស់នារីរងគ្រោះ នៅលើបណ្ដាញសង្គមហ្វេសប៊ុក។
តាមរយៈការចែកចាយនៅលើបណ្ដាញសង្គម រហូតនៅល្ងាចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ បានរកឃើញនូវអត្ដសញ្ញាណរបស់នារីរងគ្រោះ ដែលប្រើប្រាស់គណនីមួយមានឈ្មោះ «Gech Gech» និងមានឈ្មោះពិត «ចាន់ ស្រីមាន» អាយុ២២ឆ្នាំ ស្នាក់នៅខុនដូរមួយកន្លែង នៅរាជធានីភ្នំពេញ ។
ប្រភពព័ត៌មានដែលបង្ហាញនៅលើគណនីរបស់នារីរងគ្រោះបានបង្ហាញថា មុនពេលកើតហេតុរូបនាង បានទៅចូលរួមកម្មវិធីខួបកំណើត របស់បងស្រី នៅភោជនីយដ្ឋានទន្លេបាសាក់២ ក្រោយចប់កម្មវិធីខួបកំណើត នាងបានបន្ដទៅញាំអីនៅភោជនីយដ្ឋាន ក្នុង Eden Garden ដែលមានទីតាំងក្នុងបរិវេណបឹងកក ហើយក៏បាត់ដំណឹងសូន្យឈឹង។ រហូតព្រឹកឡើង បានមិត្តភក្តិ រកគេផ្សព្វផ្សាយករណីនារីម្នាក់លោតទឹកសម្លាប់ខ្លួន ដែលបន្សល់ទុកនូវផ្កាមួយបាច់ និងស្បែកជើងមួយគូរ ។
ដោយឡែកព័ត៌មាននៅកន្លែងកើតហេតុវិញ បានអះអាងថា មុនពេលកើតហេតុ គេឃើញនារីរូបស្រស់សោភាម្នាក់ បានចុះពីលើរថយន្តមួយគ្រឿង ដោយកាន់បាច់ផ្កា រួមទាំងស្ពាយកាបូប និងពាក់អាវខោប៊យពីក្រៅផងនោះ ហើយរថយន្តនោះក៏បើកទៅបាត់បន្សល់ទុកតែនារីរូបស្រស់សោភា នៅលើស្ពានតែម្នាក់ឯង។ បន្ទាប់មកនារីខាងលើបានដោះស្បែកជើង និងផ្កាមួយបាច់ដាក់ជាប់ស្បែកជើង ហើយលោតចូលទៅក្នុងទន្លេបាត់ស្រមោលតែម្ដង ភ្លាមៗគេក៏បានរាយការណ៍ ទៅសមត្ថកិច្ចដើម្បីជួយជនរងគ្រោះ តែអកុសលនារីរងគ្រោះត្រូវបានលិចចូលទៅក្នុងទន្លេបាត់ទៅហើយ។
យ៉ាងណាមិញ ជុំវិញរឿងហេតុនេះ មហាជនចង់ឲ្យសមត្ថកិច្ចបើកការស្រាវជ្រាវបន្ថែមទៀត ដើម្បីច្បាស់ថាតើ ជនរងគ្រោះលោតទឹកសម្លាប់ខ្លួន ឬមានរឿងអ្វីផ្សេងក្រៅពីនេះ ដែលស្ថិតក្នុងភាពអាថកំបាំងនៅឡើយ ។
ព័ត៌មានផ្សេងទៀតដែលគេទទួលបាននៅកន្លែងកើតហេតុ បានបង្ហើបថា នារីរងគ្រោះ និងអ្នកបើកបររថយន្ដនោះ ដូចជាមានការប្រកែកគ្នាមុនពេលរថយន្ដនោះបើកចេញទៅ។ យ៉ាងណាក៏ដោយ នេះគ្រាន់តែជាព័ត៌មានដែលគេទទួលបានជំហ៊ានដំបូង នៅកន្លែងកើតហេតុតែប៉ុណ្ណោះ ដូច្នេះហើយទើបមហាជនចង់ឲ្យសមត្ថកិច្ចបើកការស្រាវជ្រាវបន្ថែមទៀតលើករណីនេះ ៕