សមាជិកសភាអាមេរិកលោក អាឡែន ឡូវ៉ិនស្សល (Alan Lowenthal) ថ្កោលទោសសមត្ថកិច្ចរាជរដ្ឋាភិបាលដែលបានចាប់យុវជនជាច្រើននាក់ដាក់ពន្ធនាគារ។
នៅក្នុងសេចក្តីថ្លែងការណ៍ ដែលចេញកាលពីថ្ងៃទី ១៥ ខែ កញ្ញា លោក អាឡែន ឡូវ៉ិនស្សល ថារាជរដ្ឋាភិបាល ធ្វើតាមតែអំពើចិត្ត ដោយបំពានច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា ក្នុងការចាប់ខ្លួនយុវជនទាំងនោះ។
លោកបន្ថែមថា សកម្មភាពតស៊ូមតិ ឬតវ៉ាដោយសន្តិវិធី ឬរិះគន់រដ្ឋាភិបាល គឺជាការប្រើប្រាស់សិទ្ធិសេរីភាព និងសិទ្ធិបញ្ចេញមតិ ដែលជាសិទ្ធិមូលដ្ឋាន និងចាំបាច់សម្រាប់ដំណើរការប្រជាធិបតេយ្យត្រឹមត្រូវមួយ។ យុវជនដែលចូលរួមសកម្ម ក្នុងជីវភាពនយោបាយបែបនេះ គួរតែលើកទឹកចិត្តពួកគាត់ មិនមែនចាប់ពួកគាត់ដាក់គុកនោះទេ ។
លោកបន្តថា យុវជនទាំងនេះ គឺជាអនាគតរបស់កម្ពុជា ហើយលោកប្តេជ្ញានៅតែបន្តថ្កោលទោសសមត្ថកិច្ចរាជរដ្ឋាភិបាល ដែលធ្វើបាបប្រជាពលរដ្ឋបែបនេះ។ លោកព្រមានថា ទង្វើនេះ នឹងរឹតតែធ្វើឲ្យកម្ពុជា ប្រឈមទណ្ឌកម្មបន្ថែម ពីសហគមន៍អន្តរជាតិ។
អាស៊ីសេរីមិនអាចសុំការឆ្លើយតប ពីមន្ត្រីនាំពាក្យរបបក្រុងភ្នំពេញបាននៅឡើយទេ ជុំវិញជំហររបស់សមាជិកសភាអាមេរិករូបនេះ។ ប៉ុន្តែលោក ផៃ ស៊ីផាន ធ្លាប់អះអាងជាញឹកញាប់ពីមុនមកថា លោកមិនចាប់អារម្មណ៍នឹងតំណាងរាស្ត្រអាមេរិក ដែលលោកអះអាងថាជាអ្នកប្រឆាំងកម្ពុជា ដើម្បីប្រយោជន៍នយោបាយ។
ទោះជាយ៉ាងនេះក្តី សមាជិកសភាអាមេរិកកន្លងមកមានឥទ្ធិពលក្នុងការធ្វើច្បាប់ដើម្បីដាក់ទណ្ឌកម្មលើមន្ត្រីរាជរដ្ឋាភិបាលជាហូរហែមកហើយ។
លោក អាឡែន ឡូវ៉ិនស្សល កាលពីដើមឆ្នាំ ២០១៩ ក៏ធ្លាប់បានស្នើច្បាប់ស្តីពីពាណិជ្ជកម្មកម្ពុជា ឆ្នាំ ២០១៩ ដើម្បីឲ្យរដ្ឋាភិបាលអាមេរិក ពិចារណាឡើងវិញ លើប្រព័ន្ធអនុគ្រោះពន្ធទូទៅ ផ្នែកពាណិជ្ជកម្ម ឬ GSP ដោយសារតែលោកបានចោទរាជរដ្ឋាភិបាល រំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យធ្ងន់ធ្ងរនេះ។
បើតាមស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា សហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញធំជាងគេបំផុតមួយរបស់កម្ពុជា។ កម្ពុជានាំទំនិញចេញទៅកាន់អាមេរិក ក្នុងឆ្នាំ ២០១៩ មានទឹកប្រាក់ជិត ៥,៤ ពាន់លានដុល្លារ។ ក្នុងនោះ ទំនិញក្នុងតម្លៃជិត ១ ពាន់លានដុល្លារ ជាទំនិញសម្រាប់ការធ្វើដំណើរ ដែលរួមមានកាបូបដៃ វ៉ាលីស និងកាបូបស្ពាយ ដែលត្រូវបានលើកលែងការបង់ពន្ធគយ នៅក្រោមប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់សហរដ្ឋអាមេរិក ឬ GSP។
កម្ពុជាទើបតែបាត់បង់ការអនុគ្រោះពន្ធ EBA ២០% ដែលមានទំហំទឹកប្រាក់ជាង ១ ពាន់លានដុល្លារ ដោយសារតែសហភាពអឺរ៉ុបថ្កោលទោស រឿងរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យ។
អ្នកឃ្លាំមើលសង្គម ធ្លាប់ព្រមានរបបក្រុងភ្នំពេញជារឿយៗថា បើរបបនេះមិនព្រមស្តារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញទេ នោះទណ្ឌកម្មថ្មីបន្ថែមទៀត អាចរួមទាំងការផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP របស់សហរដ្ឋអាមេរិកផងដែរ នឹងធ្លាក់មកលើកម្ពុជា៕
ប្រភព ៖ RFA