បំបែកសំណុំរឿងឃាតកម្មសម្លាប់ថៅកែជនជាតិចិនច្រកបាវដាក់ក្នុងវ៉ាលី

ទីបំផុត​ទៅ​សំណុំរឿង​ឃាតកម្ម​សម្លាប់​ថៅកែ​ជនជាតិ​ចិន នៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ រួច​យក​សាក សព​ច្រក​ក្នុង​ថង់​ខ្មៅ ដាក់​ចូល​វ៉ា​លី​ទៅ​ទម្លាក់​ចោល នៅ​ខេត្តកំពង់ស្ពឺ ត្រូវ​កម្លាំង​នគរបាល ស្រាវជ្រាវ និង​បំបែក​បាន​ដោយ​ជោគជ័យ ឈាន​ដល់​ការ​ចាប់ខ្លួន​ជន​ដៃដល់ ដែល​ជា​កូនចៅ​របស់​ជន​រង​គ្រោះ នៅ​ថ្ងៃ​ទី​២៥ កញ្ញា ២០២០​នេះ​។​

​បើ​តាម Fresh News កាលពី​ថ្ងៃ​ទី​២៣ កញ្ញា ២០២០ នៅ​ចំណុច​ចន្លោះ​គី​ទ្បូ​ម៉ែត្រ​លេខ​១០៤ -១០៥ ផ្លូវជាតិ លេខ ៤ ស្ថិត​នៅ​ក្នុងភូមិ​ទី​៦ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ មាន​ជនសង្ស័យ​ម្នាក់​ជិះ​រថយន្ត​ម៉ាក ហា​យ​ទ្បែ​ន​ឌឺ ពណ៌​ស មិន​ចាំ​ស្លាក​លេខ បាន​មក​ឈប់​នៅ​ចំណុច​ខាងលើ ហើយ​បាន​យក​វ៉ា​លី​ពណ៌​ខ្មៅ​មួយ ចេញពី​កូ​ថ​រថយន្ត​ទម្លាក់​ទៅ​ជ្រោះ រួច​ជនសង្ស័យ​នោះ​ក៏​បើករថយន្ត​គេចខ្លួន​មក​តាម​ផ្លូវជាតិ​លេខ​៤ ឆ្ពោះ​មក ភ្នំពេញ​។​

​តាម​ការ​ពិនិត្យ​របស់​នគរបាល​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ និង​គ្រូពេទ្យ​កោសល្យ​វិ​ច្ច័​យ សាកសព​មាន ស្នាម​វាយ​បែកក្បាល​ផ្នែក​ខាងក្រោយ និង​ស្នាម​របួស​ក​ស្តាំ និង​ឆ្វេង​។​

​លុះ​នៅ​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២០ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ដឹកនាំ​សហការ​ជាមួយ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់​ឈ្មោះ Wu Hong អាយុ​៤៨​ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ E06258381 ជា​បុគ្គលិក​ក្រុមហ៊ុន Bai Lirun Invesment Cambodia Co.,LTD​។​

​ជនសង្ស័យ​បាន​សារភាព​ថា កាលពី​វេលា​ម៉ោង​១១​ថ្ងៃត្រង់ ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២០ ជនសង្ស័យ​ពិតជា បាន​ធ្វើ​សកម្មភាព​វាយ​នឹង​ញញួរ ចំនួន​៥​ញញួរ ហើយ​ចាក់​មួយ​កំ​បិត​ចំ​បំពង់ក ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ Zhnag Bing អាយុ​៤៥​ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ EG 0251671 ជា​ថៅកែ​ក្រុមហ៊ុន Bai Lirun Invesment Cambodia Co.,LTD រហូត​ដល់​ស្លាប់​ប្រាកដ​មែន មូលហេតុ​ដោយសារ តែ​ខឹង​ជន​រង​គ្រោះ តែងតែ​ជេ​ស្តីបន្ទោស​មក​លើ​ខ្លួន ហើយ​ខ្លួន​ក៏​មាន​គំនុំ​គំ​គួ​ន​រហូត​ឈាន​ទៅ​ដល់​សម្លាប់​តែ​ម្តង​។​

​ក្រោយ​ពី​ធ្វើ​សកម្មភាព​សម្លាប់​រួច​ហើយ ខ្លួន​បាន​រៀបចំ​សាកសព​ដាក់​ក្នុង​វ៉ា​លី​ពណ៌​ខ្មៅ​មួយ ដឹក​តាម​រថយន្ត​មួយ​គ្រឿង​ម៉ាក ហា​យ​ទ្បែ​ន​ឌ័​រ យក​ទៅ​ទម្លាក់​ចោល​នៅ​ផ្លូវជាតិ​លេខ ៤ ហួស​កន្លែង​យាយ​ម៉ៅ (​ភ្នំ​ពេជ្រនិល​) ចម្ងាយ​ប្រហែល ២​ទៅ​៣​គី​ទ្បូ រួច​ក៏​បើករថយន្ត​មក​ភ្នំពេញ​វិញ ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្តង​។​

​នៅ​ពេល​នេះ ជន​ស​ង្ស័​ួ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ត្រូវ​បាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់​៕