ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា លោកបណ្ឌិត អ៊ិន ចាន់នី បានអះអាងថា លោកនិងប្រជាពលរដ្ឋមួយចំនួនរស់នៅក្នុងទីក្រុងរណបហ្គ្រេនភ្នំពេញ ត្រូវបានខាងក្រុមហ៊ុន«ហ្រ្គេនភ្នំពេញ»គំរាមផ្តាច់ភ្លើងមិនឲ្យប្រើប្រាស់ ប្រសិនបើលោកនិងប្រជាពលរដ្ឋអ្នកតវ៉ាកុំឲ្យលុបស្រះទឹកមិនធ្វើតាមក្រុមហ៊ុន ។
ថ្លែងប្រាប់ VOD ស្ថាបនិកធនាគារអេស៊ីលីដារូបនេះ បានឲ្យដឹងទៀតថា រូបលោកនិងប្រជាពលរដ្ឋមួយចំនួននៅក្នុងទីក្រុងរណបហ្គ្រេនភ្នំពេញ បានធ្វើការតវ៉ានិងលើកបដាទាមទារឱ្យរក្សាទុកនិងទប់ស្កាត់ការលុបស្រះនេះ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០។
លោកបន្តថា ស្របពេលតវ៉ានេះ ប្រជាពលរដ្ឋបាននាំគ្នាដាក់ចងបដានៅមុខផ្ទះ ដើម្បីទាមទារកុំឱ្យលុបស្រះនោះ ប៉ុន្តែថ្ងៃទី២៤ ខែកញ្ញា ក៏ស្រាប់តែមានមនុស្សមួយក្រុមដែលមានកាំភ្លើងជាប់នឹងខ្លួន បានដើរដកយកបដានោះចេញ ដែលករណីនេះធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាចនិងបារម្ភពីសុវត្ថិភាពក្នុងការរស់នៅ។
លោកបានបញ្ជាក់ថា៖ «យើងមិនដឹងថា ពួកគេ [អ្នកដែលមានកាំភ្លើងជាប់ខ្លួន] មកពីណាទេ ដែលមកថតផ្ទះយើង ដែលមានអាវុធដាក់ក្នុងស្រោម នេះគឺជាការគំរាមកំហែង និងសម្លុត ដែលធ្វើឱ្យប្រជាជនខ្លាច ដែលយើងកំពុងតែរស់នៅក្នុងសុខសន្តិភាព គាត់បង្កបែបនេះ! តំបន់នេះកណ្តាលក្រុងភ្នំពេញ ហើយក្រុមហ៊ុនគាត់ហ៊ានធ្វើបែបនេះ ដែលហ៊ានប្រព្រឹត្តអំពើមិនគប្បីមកលើប្រជាជនធម្មតានោះ»។
លោកបានចាត់ទុកសកម្មភាពនេះ ថាជាការគំរាមកំហែងនិងជាទង្វើខុសច្បាប់ ដែលពួកគាត់ជាប្រជាពលរដ្ឋពុំអាចទទួលយកបានទេ។
លោកបានបន្ថែមថា៖ «ពេលយើងជួបគាត់កាលពីថ្ងៃទី១០ គាត់ថា គាត់ [ម្ចាស់ទីក្រុងរណបហ្គ្រេនភ្នំពេញ] លុប [បឹង] ហើយបើយើងមិនធ្វើតាមគាត់ គាត់នឹងផ្តាច់ភ្លើង ទីមួយ។ គំរាមទី២ គាត់ថា យើងនៅក្នុងបុរី ត្រូវតែស្តាប់គាត់»។
បើតាមលោក អ៊ិន ចាន់នី ប្រជាពលរដ្ឋបានសម្រេចចិត្តទិញលំនៅដ្ឋានក្នុងទីក្រុងរណបហ្គ្រេនភ្នំពេញ ដោយសារតែនៅទីនោះមានស្រះធម្មជាតិនិងកន្លែងវាយកូនហ្គោល ដែលមានសារៈសំខាន់សម្រាប់មនុស្សនិងសត្វ ដោយសារស្រះនោះជាទីកន្លែងដែលប្រជាពលរដ្ឋអាចទៅលំហែកាយ ទទួលទានអាហារ និងជាប្រភពទឹកដែលអាចជួយក្នុងករណីដែលមានអគ្គិភ័យកើតឡើងបានផងដែរ។
ជុំវិញការលើកឡើងរបស់លោក អ៊ិន ចាន់នី ខាងលើ នៅរសៀលថ្ងៃទី២៩ កញ្ញានេះ «អង្រុត» មិនអាចរកការសុំអត្ថាធិប្បាយពីលោក អ៊ិន ចាន់នី ដើម្បីបញ្ជាក់បន្ថែមបានទេ ។ ចំណែកតំណាងក្រុមហ៊ុនជីប ម៉ុង លែន ក៍មិនអាចរកការសុំអត្ថាធិប្បាយតបបានដែរ ។
កាលពីខែតុលា ឆ្នាំ២០១៩ ក្រុមហ៊ុន វ៉ាយ អិល ភី គ្រុប បានលក់និងផ្ទេរដីបុរីក្នុងទីក្រុងរណបហ្គ្រេនភ្នំពេញ ទៅឱ្យក្រុមហ៊ុន ជីប ម៉ុង លែន ដោយក្រុមហ៊ុនទាំងពីរមិនបានជូនដំណឹងដល់ប្រជាពលរដ្ឋឡើយ។
លោក អ៊ិន ចាន់នី បានបញ្ជាក់ទៀតថា ក្នុងអំឡុងជំនួបរវាងតំណាងសហគមន៍និងក្រុមហ៊ុន ជីប ម៉ុង លែន នាពេលថ្មីនេះៗ ក្រុមហ៊ុនបានបញ្ជាក់ប្រាប់ពួកគេថា បឹងនោះគឺជាដីរបស់ក្រុមហ៊ុន ដែលក្រុមហ៊ុនមានសិទ្ធិក្នុងការគ្រប់គ្រង ខណៈប្រជាពលរដ្ឋចាត់ទុកបឹងនោះថាជាសម្បត្តិរួមរបស់សហគមន៍។
បើតាមបដាមួយក្នុងចំណោមបដាជាច្រើនដែលចងនៅមុខផ្ទះប្រជាពលរដ្ឋ បានសសេរថា៖ «សូមការពារស្រះទឹកនិងទីលានវាយកូនហ្គោលក្នុងទីក្រុងហ្គ្រេនភ្នំពេញ តាមប្លង់មេដែលបានផ្សព្វផ្សាយដោយក្រុមហ៊ុន វ៉ាយ អិល ភី គ្រុប»។
យ៉ាងណាក៍ដោយ នៅថ្ងៃទី២៩ កញ្ញានេះ សាលារាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងមួយដែលចុះហត្ថលេខាដោយ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញដោយបញ្ជាក់យ៉ាងច្បាស់ថា ស្រះដែលស្ថិតនៅក្នុងទីក្រុងរណប «ហ្គ្រេនភ្នំពេញ» គឺជាកម្មសិទ្ធិរបស់អ្នកឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា លាង ម៉េង ពុំមានជាទ្រព្យសម្បត្តិសាធារណៈ របស់សាលារាជធានីភ្នំពេញទេ ៕