ទីបំផុតទៅ អភិបាលស្រុកកោះញែក លោក ស៊ិន វណ្ណវុឌ្ឍ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចបញ្ចប់តំណែងនិងឲ្យមកបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃវិញ ។
នេះបើយោងតាមអនុក្រឹត្យស្តីពីការបញ្ចប់មុខតំណែងមន្ត្រីរាជការដែលចុះះហត្ថលេខាដោយលោកប្រមុខរាជរដ្ឋាភិបាលកាលពីថ្ងៃទី១៥ កញ្ញា ២០២០ និងត្រូវបានគេផ្សព្វផ្សាយនៅរសៀលថ្ងៃទី២៩ កញ្ញានេះ ។
ប្រភពបន្តថា ការដកតំណែងអភិបាលស្រុកកោះញែករូបនេះ បានធ្វើឡើងបន្ទាប់ពីក្រុមការងារអន្តរក្រសួងចុះសិក្សាស្រាវជ្រាវលើករណីការកាន់កាប់រាន ទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ ស្ថិតក្នុងខេត្តមណ្ឌលគិរី បានរកឃើញថាខ្វះការទទួលខុសត្រូវក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន និងពុំបានចូលរួមថែរក្សាការពារផលតប្រយោជន៍សាធារណៈ ក៏ដូចជាដីព្រៃតាំងពីរូបលោកកាន់មុខតំណែងជាអភិបាលស្រុកកែវសីមាមកម្ល៉េះ។
កាលពីថ្ងៃទី២២ កក្កដា ២០២០ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្កើតក្រុមការងារអន្តរក្រសួងមួយ ចុះសិក្សាស្រាវជ្រាវលើករណីការកាន់កាប់រាន ទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ ស្ថិតក្នុងខេត្តមណ្ឌលគិរី។
ការបង្កើតក្រុមការងារនេះធ្វើឡើង បន្ទាប់ពីមានសកម្មភាពកាប់ទន្ទ្រានកាន់កាប់ដីព្រៃដោយខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ ដែលមានការសង្ស័យជាប់ពាក់ព័ន្ធជាមួយមន្ត្រីនៅក្នុងខេត្ត៕