ស្ថាបនិកអេស៊ីលីដា លោក អ៊ិន ចាន់នី ត្រូវក្រុមហ៊ុន«ហ្រ្គេនភ្នំពេញ»គំរាមផ្តាច់ភ្លើង

ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា លោក​បណ្ឌិត អ៊ិ​ន ចាន់​នី បាន​អះអាង​ថា លោក​និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ក្នុង​ទីក្រុង​រណប​ហ្គ្រេ​ន​ភ្នំពេញ ត្រូវ​បាន​ខាង​ក្រុមហ៊ុន​«​ហ្រ្គេន​ភ្នំពេញ​»​គំរាម​ផ្តាច់​ភ្លើង​មិន​ឲ្យ​ប្រើប្រាស់ ប្រសិនបើ​លោក​និង​ប្រជាពលរដ្ឋ​អ្នក​តវ៉ា​កុំ​ឲ្យ​លុប​ស្រះ​ទឹក​មិន​ធ្វើ​តាម​ក្រុមហ៊ុន ។​

​ថ្លែងប្រាប់ VOD ស្ថាបនិក​ធនាគារ​អេ​ស៊ី​លី​ដា​រូប​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា រូប​លោក​និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ក្នុង​ទីក្រុង​រណប​ហ្គ្រេ​ន​ភ្នំពេញ បាន​ធ្វើការ​តវ៉ា​និង​លើក​បដា​ទាមទារ​ឱ្យ​រក្សា​ទុក​និង​ទប់ស្កាត់​ការ​លុប​ស្រះ​នេះ កាលពី​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២០​។​

​លោក​បន្ត​ថា ស្រប​ពេល​តវ៉ា​នេះ ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ដាក់​ចង​បដា​នៅ​មុខ​ផ្ទះ ដើម្បី​ទាមទារ​កុំឱ្យ​លុប​ស្រះ​នោះ ប៉ុន្តែ​ថ្ងៃ​ទី​២៤ ខែកញ្ញា ក៏​ស្រាប់តែ​មាន​មនុស្ស​មួយ​ក្រុម​ដែល​មាន​កាំភ្លើង​ជាប់​នឹង​ខ្លួន បាន​ដើរ​ដក​យក​បដា​នោះ​ចេញ ដែល​ករណី​នេះ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យ​ខ្លាច​និង​បារម្ភ​ពី​សុវត្ថិភាព​ក្នុង​ការ​រស់នៅ​។​

​លោក​បាន​បញ្ជាក់​ថា​៖ «​យើង​មិនដឹង​ថា ពួក​គេ [​អ្នក​ដែល​មាន​កាំភ្លើង​ជាប់​ខ្លួន​] មកពីណា​ទេ ដែល​មក​ថត​ផ្ទះ​យើង ដែល​មាន​អាវុធ​ដាក់​ក្នុង​ស្រោម នេះ​គឺជា​ការ​គំរាមកំហែង និង​សម្លុត ដែល​ធ្វើ​ឱ្យ​ប្រជាជន​ខ្លាច ដែល​យើង​កំពុង​តែ​រស់នៅ​ក្នុង​សុខ​សន្តិភាព គាត់​បង្ក​បែប​នេះ​! តំបន់​នេះ​កណ្តាល​ក្រុងភ្នំពេញ ហើយ​ក្រុមហ៊ុន​គាត់​ហ៊ាន​ធ្វើ​បែប​នេះ ដែល​ហ៊ាន​ប្រព្រឹត្ត​អំពើ​មិន​គប្បី​មក​លើ​ប្រជាជន​ធម្មតា​នោះ​»​។​

​លោក​បាន​ចាត់​ទុក​សកម្មភាព​នេះ ថា​ជា​ការ​គំរាមកំហែង​និង​ជា​ទ​ង្វើ​ខុសច្បាប់ ដែល​ពួក​គាត់​ជា​ប្រជាពលរដ្ឋ​ពុំ​អាច​ទទួលយក​បាន​ទេ​។​

​លោក​បាន​បន្ថែម​ថា​៖ «​ពេល​យើង​ជួប​គាត់​កាលពី​ថ្ងៃ​ទី​១០ គាត់​ថា គាត់ [​ម្ចាស់​ទីក្រុង​រណប​ហ្គ្រេ​ន​ភ្នំពេញ​] លុប [​បឹង​] ហើយ​បើ​យើង​មិន​ធ្វើ​តាម​គាត់ គាត់​នឹង​ផ្តាច់​ភ្លើង ទី​មួយ​។ គំរាម​ទី​២ គាត់​ថា យើង​នៅ​ក្នុង​បុរី ត្រូវ​តែ​ស្តាប់​គាត់​»​។​

​បើ​តាម​លោក អ៊ិ​ន ចាន់​នី ប្រជាពលរដ្ឋ​បាន​សម្រេចចិត្ត​ទិញ​លំនៅ​ដ្ឋា​ន​ក្នុង​ទីក្រុង​រណប​ហ្គ្រេ​ន​ភ្នំពេញ ដោយសារ​តែ​នៅ​ទីនោះ​មាន​ស្រះ​ធម្មជាតិ​និង​កន្លែង​វាយ​កូន​ហ្គោ​ល ដែល​មាន​សារៈសំខាន់​សម្រាប់​មនុស្ស​និង​សត្វ ដោយសារ​ស្រះ​នោះ​ជាទី​កន្លែង​ដែល​ប្រជាពលរដ្ឋ​អាច​ទៅ​លំហែកាយ ទទួលទាន​អាហារ និង​ជា​ប្រភព​ទឹក​ដែល​អាច​ជួ​យ​ក្នុង​ករណី​ដែល​មាន​អគ្គិភ័យ​កើតឡើង​បាន​ផង​ដែរ​។​

​ជុំវិញ​ការ​លើក​ឡើង​របស់​លោក អ៊ិ​ន ចាន់​នី ខាងលើ នៅ​រសៀល​ថ្ងៃ​ទី​២៩ កញ្ញា​នេះ «​អង្រុត​» មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​ពីលោក អ៊ិន ចាន់នី ដើម្បីបញ្ជាក់បន្ថែមបានទេ ។ ចំណែកតំណាងក្រុមហ៊ុនជីប ម៉ុង លែន ក៍មិនអាចរកការសុំអត្ថាធិប្បាយតបបានដែរ ។​

​កាលពី​ខែតុលា ឆ្នាំ​២០១៩ ក្រុមហ៊ុន វ៉ា​យ អិ​ល ភី គ្រុប បាន​លក់​និង​ផ្ទេរ​ដី​បុរី​ក្នុង​ទីក្រុង​រណប​ហ្គ្រេ​ន​ភ្នំពេញ ទៅ​ឱ្យ​ក្រុមហ៊ុន ជីប ម៉ុង លែ​ន ដោយ​ក្រុមហ៊ុន​ទាំង​ពីរ​មិន​បាន​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ឡើយ​។​

​លោក អ៊ិ​ន ចាន់​នី បាន​បញ្ជាក់​ទៀត​ថា ក្នុង​អំឡុង​ជំនួប​រវាង​តំណាង​សហគមន៍​និង​ក្រុមហ៊ុន ជីប ម៉ុង លែ​ន នា​ពេល​ថ្មី​នេះ​ៗ ក្រុមហ៊ុន​បាន​បញ្ជាក់​ប្រាប់​ពួក​គេ​ថា បឹង​នោះ​គឺជា​ដី​របស់​ក្រុមហ៊ុន ដែល​ក្រុមហ៊ុន​មាន​សិទ្ធិ​ក្នុង​ការ​គ្រប់គ្រង ខណៈ​ប្រជាពលរដ្ឋ​ចាត់​ទុក​បឹង​នោះ​ថា​ជា​សម្បត្តិ​រួម​របស់​សហគមន៍​។​

​បើ​តាម​បដា​មួយ​ក្នុង​ចំណោម​បដា​ជា​ច្រើន​ដែល​ចង​នៅ​មុខ​ផ្ទះ​ប្រជាពលរដ្ឋ បាន​ស​សេរ​ថា​៖ «​សូម​ការពារ​ស្រះ​ទឹក​និង​ទីលាន​វាយ​កូន​ហ្គោ​ល​ក្នុង​ទីក្រុង​ហ្គ្រេ​ន​ភ្នំពេញ តាម​ប្លង់​មេ​ដែល​បាន​ផ្សព្វផ្សាយ​ដោយ​ក្រុមហ៊ុន វ៉ា​យ អិ​ល ភី គ្រុប​»​។​

យ៉ាងណាក៍ដោយ នៅថ្ងៃទី២៩ កញ្ញានេះ សាលារាជធានីភ្នំពេញបាន​ចេញ​សេចក្តីជូនដំណឹង​មួយដែលចុះ​ហត្ថលេខាដោយ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញដោយ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ស្រះ​ដែល​ស្ថិត​នៅ​ក្នុង​ទីក្រុង​រណប «​ហ្គ្រេ​ន​ភ្នំពេញ​» គឺជា​កម្មសិទ្ធិ​របស់​អ្នកឧកញ៉ា លាង ឃុន និង​អ្នកឧកញ៉ា លាង ម៉េ​ង ពុំ​មាន​ជា​ទ្រព្យសម្បត្តិ​សាធារណៈ របស់​សាលា​រាជធានី​ភ្នំពេញ​ទេ​ ៕