ដក​តំណែងលោក ស៊ិ​ន វណ្ណ​វុ​ឌ្ឍ ចេញពី​អភិបាលស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ដក​តំណែង​លោក ស៊ិ​ន វណ្ណ​វុ​ឌ្ឍ ចេញពី​អភិបាលស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ដោយ​ឲ្យ​មក​ធ្វើការ​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​ជំនួស​វិញ ។

ការ​ដក​តំណែង​អភិបាលស្រុក​កោះ​ញែក​រូប​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុមការងារ​អន្តរក្រសួង​ចុះ​សិក្សា​ស្រាវជ្រាវ​លើ​ករណី​ការ​កាន់កាប់​រាន ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​ខុសច្បាប់ ក្នុង​តំបន់ការពារធម្មជាតិ ស្ថិត​ក្នុង​ខេត្តមណ្ឌលគិរី បាន​រក​ឃើញ​ថា ខ្វះ​ការ​ទទួលខុសត្រូវ​ក្នុង​ការ​បំពេញ​តួនាទី ភារកិច្ច​របស់​ខ្លួន និង​ពុំ​បាន​ចូលរួម​ថែរក្សា​ការពារ​ផល​ត​ប្រយោជន៍​សាធារណៈ ។

ប្រភព​ព័ត៌មាន​ទម្លាយ​ឲ្យ​ដឹង​ថា ក្រៅពី​ការ​ដក​តំណែង​អភិបាលស្រុក​កោះ​ញែក ក៏​មាន​មន្ត្រី​ក្នុង​ខេត្ត​ជា​ច្រើន​រូប​ទៀត ក៏​ត្រូវ​បាន​សម្រេច​ដក​តំណែង និង​ដាក់​ពិន័យ ទៅ​តាម​ច្បាប់រដ្ឋបាល​ផង​ដែរ ៕