បុរសម្នាក់ត្រូវបានគេអះអាងថាមានជម្លោះជាមួយស្រីស្នេហ៍តែមិនដឹងមូលហេតុ ក៍ទាញកាំំភ្លើងខ្លីបាញ់ឡើងលើចំនួន២គ្រាប់ នៅក្នុងពិធីបុណ្យសព៧ថ្ងៃ ធ្វើឲ្យភ្ញៀវមកចូលរួមរត់ជាន់ជើងគ្នាទាំងព្រលឹងចុងសក់ ។
ហេតុការណ៍នេះ បានកើតឡើងប្រមាណម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៨ កញ្ញា ២០២០ ស្ថិតក្នុងភូមិព្រៃនប់២ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ ។
ប្រភពបានបញ្ជាក់ថា ជនដែលបាញ់បោះសេរីសូម្បីតែកន្លែងបុណ្យទានក៍មិនលើកលែងនេះ ត្រូវបានគេអះអាងថាឈ្មោះ ភិន សៅសាយ័ណ្ណ ជាមន្ត្រីយោធាមានឋានន្តរស័ក្តិវរៈសេនីយ៍ទោ(ស័ក្ដិ៤ កន្លះ )តែមិនទាន់ដឹងនៅអង្គភាពណានៅឡើយ ។ ជននេះ មានទីលំនៅ ក្នុងរាជធានីភ្នំពេញ បានប្រើអាវុធខ្លី (មិនស្គាល់ម៉ាក) បាញ់ឡើងលើ២គ្រាប់ ដើម្បីគំរាមស្រីក្មេងម្នាក់ឈ្មោះ ចៅ វន្នី អាយុ ២៥ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ។ ក្រោយបាញ់បង្កឲ្យមានការភ័យខ្លាចសម្រាប់ភ្ញៀវនិងពលរដ្ឋក្បែរផ្ទះបុណ្យនោះរួចមក ជនឈ្មោះ ភិន សៅសាយ័ណ្ណ បានបើករថយន្តម៉ាក វីហ្គោ ពណ៌.ស ពាក់ស្លាកលេខ ( រដ្ឋ ) រត់គេចខ្លួនបាត់ស្រមោល។
សង្ឃឹមថា សមត្ថកិច្ចនឹងតាមស្រាវជ្រាវរកជនបាញ់បោះអាណាធិបតេយ្យខាងលើយកមកចាត់ការតាមវិន័យនិងបទបញ្ជារបស់កងកម្លាំង ឬចាត់ការតាមច្បាប់ ។
សូមបញ្ជាក់ថា មួយរយៈចុងក្រោយនេះ ករណីបាញ់សម្លាប់មនុស្សដូចបាញ់ចាប ឬ បាញ់បោះសេរី បានកើតឡើងជារៀងរាល់ថ្ងៃនៅលើទឹកដីដែលពោរពេញដោយសន្តិភាពមួយនេះ ៕