អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានចេញសេចក្តីជូនដំណឹងមួយបញ្ជាក់យ៉ាងច្បាស់ថា ស្រះដែលស្ថិតនៅក្នុងទីក្រុងរណប «ហ្គ្រេនភ្នំពេញ» គឺជាកម្មសិទ្ធិរបស់អ្នកឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា លាង ម៉េង ពុំមានជាទ្រព្យសម្បត្តិសាធារណៈ របស់សាលារាជធានីភ្នំពេញទេ។
សេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ បានកើតមានឡើងបន្ទាប់ពីមានប្រជាពលរដ្ឋប្រមាណ១៤០នាក់ បានផ្ទុះការតវ៉ានិងដាក់ពាក្យស្នើសុំទៅកាន់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងបរិស្ថាន និងរដ្ឋបាលរាជធានីភ្នំពេញ ឱ្យជួយអន្តរាគមន៍រក្សាទុកនិងទប់ស្កាត់ការលុបស្រះទឹកដែលមានទំហំ១០ហិចតា កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ៕