លោកគ្រូពេទ្យម្នាក់ ត្រូវបាននគរបាលមូលដ្ឋានឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ឪពុកម្តាយទារករងគ្រោះ ពីបទមនុស្សឃាតដោយអចេតនា និងបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសួរនាំ និងបន្តចាត់ការតាមនីតិវិធីច្បាប់ ។
លោកគ្រូពេទ្យដែលសមត្ថកិច្ចឃាត់ខ្លួននៅព្រឹកថ្ងៃទី២៨ កញ្ញា ២០២០ នៅផ្ទះរបស់ជនសង្ស័យក្នុងទីរួមស្រុកសំបូរ ខេត្តក្រចេះ ត្រូវបានគេអះអាងថា ឈ្មោះ ផាត់ ពិទូរ្យ អាយុ ៤៥ឆ្នាំ ជាបុគ្គលិកមណ្ឌលសុខភាពស្រុកសំបូរ ខេត្តក្រចេះ និងមានបើកអាជីវកម្មព្យាបាលជំងឺឯកជននៅនឹងផ្ទះរបស់ខ្លួនផងដែរ ។
ឪពុកម្តាយទារកបានប្តឹងចោទប្រកាន់ពីអំពើមនុស្សឃាតដោយអចេតនាលើទារកអាយុ៣ខែម្នាក់ ថាមិនទទួលខុសត្រូវលើការព្យាបាល បណ្តាលឱ្យទារកនោះស្លាប់នៅថ្ងៃទី២៧ ខែកញ្ញា ២០២០ កន្លងទៅថ្មីៗនេះ ។
បើតាមពាក្យបណ្តឹងរបស់ឪពុកម្តាយទារកបានរៀបរាប់ប្រាប់ថា ពេលគាត់យកកូនមកដល់ផ្ទះគ្រូពេទ្យនេះភ្លាម គ្រូពេទ្យបានពិនិត្យហើយថា កូនរបស់គាត់មានស្លេស្មរុំទងសួត ហើយគ្រូពេទ្យខាងលើក៍បានយកកូនរបស់គាត់ទៅដាក់ក្នុងម៉ាស៊ីនស្ពង់ ដើម្បីឱ្យស្រួលដកដង្ហើម តែពេលនោះពួកគាត់បានឈរមើលឃើញកូនបញ្ឈរភ្នែកក៏ប្រាប់គ្រូពេទ្យឱ្យឈប់ស្ពង់ទៅ ព្រោះកូនគាត់បញ្ឈរភ្នែកហើយ។
ពេលនោះពេទ្យឆ្លើយថា មិនអីទេ តែនៅពេលគ្រូពេទ្យកំពុងតែស្ពង់កូនរបស់គាត់ក៏បានដាច់ខ្យល់ស្លាប់ភ្លាមៗតែម្ដងទៅ។
បច្ចុប្បន្នជនជាប់ចោទជាគ្រូពេទ្យ កំពុងឃុំខ្លួននៅស្នងការដ្ឋាននគរបាលខេត្តក្រចេះ រង់ចាំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមច្បាប់ ៕