កងកម្លាំងមួកខៀវខ្មែរចូលរួមបោសសម្អាតសំណល់ពីការផ្ទុះនៅទីក្រុងបេរូត

កាលពី​ថ្ងៃ​ទី​៣០ កញ្ញា​ម្សិលមិញ​កម្លាំង​មួក​ខៀវ​កម្ពុជា នៃ​កងអនុសេនាធំ​វិស្វកម្ម​ពហុ​ជំនាញ​លេខ​៣៩៦  សហការ​ជាមួយ​កម្លាំង​មួក​ខៀវ​មក​ពី​បណ្តា​ប្រទេស​នានា​ដូច​ជា​បារាំង ចិន និង​អេ​ស្ប៉ា​ញ បាន​ធ្វើការ​បោសសម្អាត​សំណល់​សំណង់​បាក់បែក នៅ​កំពង់​ផែ​ទីក្រុង​បេ​រូត ប្រទេស​លី​បង់ ក្រោយ​ការ​ផ្ទុះ​កាលពី​ពេល​កន្លង​ទៅ​។​

​នេះ​បើ​យោង​តាម​មជ្ឈមណ្ឌល​រក្សា​សន្តិភាព ។​

​គួរ​រំ​ឮ​កថា កាលពី​ថ្ងៃ​ទី​០៤ សីហា ២០២០ មនុស្ស​ជា​ច្រើន​រយ​នាក់​បាន​ស្លាប់​និង​រាប់​ពាន់​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់​ស្រាល ដោយសារ​ការ​ផ្ទុះ​ឃ្លាំង​ផ្ទុក​សារធាតុ​គីមី​អា​ម៉ូ​ញូ​ម​នីត្រាត​២,៧៥០​តោន នៅ​កំពង់​ផែ​ទីក្រុង​បេ​រូត ប្រទេស​លី​បង់ ។​ការ​ផ្ទុះ​នេះ ក៍​បណ្តាល​ឲ្យ​អគារ​រាប់​ពាន់​ខ្នង​ត្រូវ​បាន​បំផ្លិចបំផ្លាញ បណ្តាល​ឲ្យ​មនុស្ស​រាប់​សែន​នាក់​ត្រូវ​ប​ម្លា​ស់​ទី​។ កម្លាំង​បំផ្ទុះ​កាលពី​ម៉ោងជាង​៦​ល្ងាច​ថ្ងៃ​ទី​០៤ សីហា​នោះ ត្រូវ​បាន​អ្នកជំនាញ​អះអាង​ថា ស្មើ​ទៅ​នឹង​១/៤ នៃ​គ្រាប់បែក​អា​តូ​មិ​ក​ដែល​ទម្លាក់​នៅ​ទីក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា ក្នុង​សង្គ្រាមលោក​លើក​ទី ​II ៕