លោកស្រី ហៃ សុភ័ក្រ ដែលតែងតែប្រើដៃនិងជើងដ៍ជំនាញដើម្បីបញ្ជារថយន្តក្រុងដឹកអ្នកដំណើររបស់សាលារាជធានីភ្នំពេញ បានទទួលមរណភាពដោយរោគាពាធក្នុងវ័យ៣៣ឆ្នាំ គួរឲ្យសោកស្តាយជាទីបំផុត ។
នេះបើយោងតាមសារលិខិតចូលរួមរំលែកមរណទុក្ខរបស់លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រី ក្រសួងកិច្ចការនារី ផ្ញើជូនគ្រួសារសព លោកស្រី ហៃ សុភ័ក្រ បុគ្គលិករដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្ត ក្រុងរាជធានីភ្នំពេញ។
បើតាមសារលិខិតដដែល លោកស្រី ហៃ សុភ័ក្រ បានទទួលមរណភាពកាលពីថ្ងៃសៅរ៍ ១រោច ខែអស្សុជ ឆ្នាំ ជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២០:០៦យប់ ក្នុងជន្មាយុ ៣៣ឆ្នាំ ដោយ រោគគាពាធ ។
«អង្រុត» មានការអាឡោះអាល័យសោកស្តាយរកអ្វីមកប្រៀបមិនបានចំពោះការបាត់បង់ធនធានមនុស្សដែលកម្ររក ។ ការបាត់បង់លោកស្រី ហៃ សុភ័ក្រ គឺជាការបាត់បង់ធនធានជាតិដ៍ធំធេង ។
ជាថ្មីម្តងទៀត «អង្រុត» សូមចូលរួមរំលែកទុក្ខដ៍ក្រៀមក្រំជាមួយសាច់ញាតិនិងក្រុមគ្រួសារលោកស្រី ហៃ សុភ័ក្រ និងសូមវិញ្ញាណក្ខ័ន្ឋលោកស្រីទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕