បឹងតាមោកចាប់ផ្តើមលុប ស្តាយសំណើតារាចម្រៀង មាស សុខសោភា

គេ​នៅ​ចាំ​បាន​ថា តារាចម្រៀង​ល្បីឈ្មោះ អ្នក​នាង មាស សុខ​សោភា ធ្លាប់​បាន​ស្នើ​ដោយ​ផ្ទាល់មាត់​ទៅ​កាន់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​យ៉ាងណា​ថែរក្សា​បឹង​តា​មោក ដែល​ស្ថិត​នៅ​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ ជា​កន្លែង​ស្តុក​ទឹក​កុំ​ឲ្យ​មានការ​ចាក់​ដី​លុប ហើយ​លោក ហ៊ុន សែន ក៍បាន​ឆ្លើយ​តប​ភ្លាម​ៗ​ដែរ​ថា រាជរដ្ឋាភិបាល​នឹង​រក្សា​ទុក​នឹង​មិន​ឲ្យ​មានការ​លុប​បឹង​តា​មោក​នោះ​ឡើយ ប៉ុន្តែ​ពេល​នេះ បឹង​តា​មោក​ត្រូវ​បាន​ចាក់​ដី​លុប​បណ្តើរ​ៗ​ហើយ ដើម្បី​ធ្វើ​ជាទី​តាំង​អគារ​របស់​ក្រសួង​ស្ថាប័នរដ្ឋ ផ្សារ​និង​ឯកជន​។​

​ប្រធាន​ក្រុម​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល លោក ផៃ ស៊ី​ផា​ន មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បាន​ទេ​នៅ​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​០៦ តុលា ២០២០​នេះ ។​

 

​នៅ​ក្នុង​វេទិកា​ជាតិ​លើក​ទី​២​ស្ដី​ពី “​ការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​” នៅ​វិមាន​សន្តិភាព ទីស្តីការគណៈរដ្ឋមន្ត្រី កាលពី​ព្រឹក​ថ្ងៃ​ទី​២២ សីហា ២០១៧ គេ​នៅ​ចាំ​បាន​ថា​ក្រៅពី​ស្នើ​សុំ​កុំ​ឲ្យ​លុប​បឹង​តា​មោក តារាចម្រៀង មាស សុខ​សោភា ក៍​ត្រូវ​បាន​គេ​ឃើញ​ឡើង​និយាយ​និង​ចោទសួរ​ទៅ​កាន់​លោក​ប្រមុខ​រាជរដ្ឋាភិបាល​ទាំង​ញ័រ​មាត់ ដោយ​តារាចម្រៀង​ដ៍​មាន​ប្រជាប្រិយភាព​រូប​នេះ​បាន​ចេញ​មុខ​ស្នើ​សុំ​១​ចំណុច​ទៀត​ទៅ​កាន់​លោក ហ៊ុន សែន គឺ​សុំ​ឲ្យ​មាន​ឧទ្យាន​ដោយ​មានការ​ដាំ​ដើមឈើ​នៅ​ទីក្រុង​ភ្នំពេញ ។ ក្នុង​ឱកាស​នោះ​ដែរ អ្នក​នាង មាស សុខ​សោភា ក៍បាន​អំពាវនាវ​ក្នុង​វេទិកា​ដ៍​មាន​សារៈ​ប្រយោជន៍​នោះ​ទៅ​កាន់​ប្រជាពលរដ្ឋ​បញ្ឈប់​ការ​បរបាញ់​សត្វព្រៃ ដោយ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ឈប់​បរិភោគ​សត្វព្រៃ បើ​គ្មាន​ការ​បរិភោគ​សត្វព្រៃ​ក៏​គ្មាន​ការ​បរបាញ់​ដែរ​។ ក្រោយ​ពី​មានការ​ស្នើ​សុំ​ពី​កំពូល​តារាចម្រៀង​ស្រី​ប្រចាំ​ផលិតកម្ម​ថោ​ន លោក​ហ៊ុន សែន ក៏​បាន​ឆ្លើយ​តប​ភ្លាម​ៗ​ផង​ដែរ ព្រមទាំង​បាន​សរសើរ មាស សុខ​សោភា ថា​ការ​លើក​ឡើង​មក​សុទ្ធតែ​ត្រូវ​ចំណុច​ទាំងអស់​ទោះបីជា​ឡើង​មក​មិន​បាន​ព្រាង​ទុក​នា​ពេល​នោះ​ក្តី ។​

​សូម​បញ្ជាក់​ថា ប្រមុខ​រាជរដ្ឋាភិបាល​បាន​សម្រេច​កាត់​ផ្ទៃ​បឹង​តា​មោក ដើម្បី​យក​ធ្វើ​ជាទី​តាំង​អគារ​របស់​ក្រសួង​ស្ថាប័នរដ្ឋ​មួយ​ចំនួន​ដែល​រួម​មាន ៖

-២ សីហា ២០១៨ កាត់​២០​ហិ​កតា ធ្វើ​ផ្សារ​បន្លែ​
-១៣ មីនា ២០២០ កាត់​៧៥​ហិ​កតា ធ្វើ​សួន​និង​ឧទ្យាន​ធម្មជាតិ​
-២៧​មេ​សា ២០២០ កាត់​៣០​ហិ​កតា ដោះ​ដូរ​ដីគោក​នៅ​ទីតាំង​ផ្សេង​ៗ​គ្នា​ជាមួយ​ដី​បឹង​
-២២ មិថុនា ២០២០ កាត់​៣០០​ហិច​តា​ជូន​ក្រសួងការពារជាតិ​
-១ កញ្ញា ២០២០ កាត់​២៣,០៧​ហិ​កតា​ជូន​ក្រសួង​អភិវឌ្ឍន៍​បទ និង​ប្រទាន​កម្ម​ជូន​កម្មសិទ្ធិឯកជន​
-១ កញ្ញា ២០២០​នេះ​ដែរ ក៏​បាន​ចេញ​សេចក្តីសម្រេច​កាត់ ១៥​ហិ​កតា​ជូន​ស្ថាប័ន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា និង​អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់​មីន​និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន ។​
-២៥​កញ្ញា ២០២០ កាត់​៨​ហិ​កតា​ជូន​ក្រសួងយុត្តិធម៌ ៕