គេនៅចាំបានថា តារាចម្រៀងល្បីឈ្មោះ អ្នកនាង មាស សុខសោភា ធ្លាប់បានស្នើដោយផ្ទាល់មាត់ទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើយ៉ាងណាថែរក្សាបឹងតាមោក ដែលស្ថិតនៅក្នុងខណ្ឌព្រែកព្នៅ ជាកន្លែងស្តុកទឹកកុំឲ្យមានការចាក់ដីលុប ហើយលោក ហ៊ុន សែន ក៍បានឆ្លើយតបភ្លាមៗដែរថា រាជរដ្ឋាភិបាលនឹងរក្សាទុកនឹងមិនឲ្យមានការលុបបឹងតាមោកនោះឡើយ ប៉ុន្តែពេលនេះ បឹងតាមោកត្រូវបានចាក់ដីលុបបណ្តើរៗហើយ ដើម្បីធ្វើជាទីតាំងអគាររបស់ក្រសួងស្ថាប័នរដ្ឋ ផ្សារនិងឯកជន។
ប្រធានក្រុមអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន មិនអាចរកការសុំអត្ថាធិប្បាយបានទេនៅវេលាថ្ងៃត្រង់ថ្ងៃទី០៦ តុលា ២០២០នេះ ។
នៅក្នុងវេទិកាជាតិលើកទី២ស្ដីពី “ការការពារ និងអភិរក្សធនធានធម្មជាតិ” នៅវិមានសន្តិភាព ទីស្តីការគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី២២ សីហា ២០១៧ គេនៅចាំបានថាក្រៅពីស្នើសុំកុំឲ្យលុបបឹងតាមោក តារាចម្រៀង មាស សុខសោភា ក៍ត្រូវបានគេឃើញឡើងនិយាយនិងចោទសួរទៅកាន់លោកប្រមុខរាជរដ្ឋាភិបាលទាំងញ័រមាត់ ដោយតារាចម្រៀងដ៍មានប្រជាប្រិយភាពរូបនេះបានចេញមុខស្នើសុំ១ចំណុចទៀតទៅកាន់លោក ហ៊ុន សែន គឺសុំឲ្យមានឧទ្យានដោយមានការដាំដើមឈើនៅទីក្រុងភ្នំពេញ ។ ក្នុងឱកាសនោះដែរ អ្នកនាង មាស សុខសោភា ក៍បានអំពាវនាវក្នុងវេទិកាដ៍មានសារៈប្រយោជន៍នោះទៅកាន់ប្រជាពលរដ្ឋបញ្ឈប់ការបរបាញ់សត្វព្រៃ ដោយជំរុញឲ្យប្រជាពលរដ្ឋឈប់បរិភោគសត្វព្រៃ បើគ្មានការបរិភោគសត្វព្រៃក៏គ្មានការបរបាញ់ដែរ។ ក្រោយពីមានការស្នើសុំពីកំពូលតារាចម្រៀងស្រីប្រចាំផលិតកម្មថោន លោកហ៊ុន សែន ក៏បានឆ្លើយតបភ្លាមៗផងដែរ ព្រមទាំងបានសរសើរ មាស សុខសោភា ថាការលើកឡើងមកសុទ្ធតែត្រូវចំណុចទាំងអស់ទោះបីជាឡើងមកមិនបានព្រាងទុកនាពេលនោះក្តី ។
សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលបានសម្រេចកាត់ផ្ទៃបឹងតាមោក ដើម្បីយកធ្វើជាទីតាំងអគាររបស់ក្រសួងស្ថាប័នរដ្ឋមួយចំនួនដែលរួមមាន ៖
-២ សីហា ២០១៨ កាត់២០ហិកតា ធ្វើផ្សារបន្លែ
-១៣ មីនា ២០២០ កាត់៧៥ហិកតា ធ្វើសួននិងឧទ្យានធម្មជាតិ
-២៧មេសា ២០២០ កាត់៣០ហិកតា ដោះដូរដីគោកនៅទីតាំងផ្សេងៗគ្នាជាមួយដីបឹង
-២២ មិថុនា ២០២០ កាត់៣០០ហិចតាជូនក្រសួងការពារជាតិ
-១ កញ្ញា ២០២០ កាត់២៣,០៧ហិកតាជូនក្រសួងអភិវឌ្ឍន៍បទ និងប្រទានកម្មជូនកម្មសិទ្ធិឯកជន
-១ កញ្ញា ២០២០នេះដែរ ក៏បានចេញសេចក្តីសម្រេចកាត់ ១៥ហិកតាជូនស្ថាប័នគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីននិងសង្គ្រោះជនពិការដោយសារមីន ។
-២៥កញ្ញា ២០២០ កាត់៨ហិកតាជូនក្រសួងយុត្តិធម៌ ៕