លោក ណយ ស្រូន សមាជិកព្រឹទ្ធសភា ភូមិភាគ៨ ត្រូវបានរកឃើញថា មានការពាក់ព័ន្ធនឹងការកាប់រាន ដុតឆ្ការ ទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ នៅដែនជម្រកសត្វព្រៃកែវសីមា និងតំបន់ការពារធម្មជាតិមួយចំនួនទៀត ក្នុងខេត្តមណ្ឌលគិរី និង ត្រូវបានលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រោយពីទទួលបានគោលការណ៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើលោក សាយ ឈុំ ប្រធានព្រឹទ្ឋសភាធ្វើការអប់រំណែនាំ ។
បើតាមលិខិតរបស់លោកប្រមុខមហាផ្ទៃ ដែលយោងលើរបាយការណ៍របស់ក្រុមស្រាវជ្រាវអន្តរក្រសួង បានរកឃើញថា លោកសមាជិកព្រឹទ្ឋសភា ណយ ស្រូន បានប្រើប្រាស់តួនាទី អំណាច និងឥទ្ធិពលរបស់ខ្លួនជាសមាជិកព្រឹទ្ធសភា ធ្វើការណែនាំដល់មន្ត្រីមូលដ្ឋានឱ្យចុះហត្ថលេខាលើឯកសារដីធ្លីដែលពុំស្របច្បាប់ ។
យ៉ាងណាក៍ដោយ នៅថ្ងៃទី០៦ តុលា ២០២០នេះ លោក ណយ ស្រូន បានធ្វើការសុំទោសពីថ្នាក់ដឹកនាំព្រឹទ្ឋសភា នូវរាល់កំហុសឆ្គង ទោះចេតនា ឬអចេតនាក្តី និងបានទទួលយកការណែនាំរបស់ថ្នាក់ដឹកនាំព្រឹទ្ឋសភានៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី២៣ កញ្ញា ២០២០ និងបានធ្វើលិខិតឈប់ពាក់ព័ន្ឋនឹងដីទំហំ ៥៣១ហិកតាទៀតហើយ ៕