បើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជាបានព្យាករណ៍ថា នៅក្នុងឆ្នាំ២០២០នេះ កម្ពុជានឹងបង្កើនកម្ចីពីបរទេសដល់ទៅជាង៨,៦ពាន់លានដុល្លារសហរដ្ឋអាមេរិក ។
យោងតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា ដែលចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីថ្ងៃទី០១ តុលា ២០២០ ក៍បានបញ្ជាក់ទៀតថា នៅឆ្នាំ២០២១ខាងមុខ នឹងបង្កើនការខ្ចីពីបរទេសដល់ជាង១០ពាន់លានដុល្លារ ឆ្នាំ២០២២បង្កើនដល់ជាង១១ពាន់លានដុល្លារ ឆ្នាំ២០២៣ បង្កើនដល់ជាង១២ពាន់លានដុល្លារ និងឆ្នាំ២០២៤គ្រោងបង្កើនកម្ចីជាង១៣,៩ពាន់លនាដុល្លារអាមេរិក។
ការបង្កើនកម្ចីពីបរទេសនេះ ត្រូវបានក្រសួងសេដ្ឋកិច្ចបញ្ជាក់ថាគឺដើម្បីយកមកស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញពីការរងផលប៉ះពាល់ដោយសារតែជំងឺកូវីដ១៩ ។
យ៉ាងណាក៍ដោយបើទោះជាបង្កើនកម្ចីនេះក៏ពិតមែន ប៉ុន្តែក្រសួងសេដ្ឋកិច្ចបានអះអាងថា ស្ថានភាពបំណុលសាធារណៈរបស់កម្ពុជានៅតែអាចគ្រប់គ្រងបាន ពោល គឺនៅមានចីរភាព និង ហានិភ័យកម្រិតទាប។ ទាំងនេះ បើតាមក្រសួងសេដ្ឋកិច្ចដដែល គឺដោយសារតែកម្ពុជាមានបទដ្ឋានគតិយុត្តរឹងមាំ និងយុទ្ធសាស្ត្រច្បាស់លាស់។
គួរបញ្ជាក់ដែរថា គិតចាប់ពីឆ្នាំ១៩៩៣ ដល់ត្រីមាសទី១នៃឆ្នាំ២០២០នេះ រដ្ឋាភិបាលកម្ពុជាបានខ្ចីលុយពីបរទេសប្រមាណ៧,៩ពាន់លានដុល្លារអាមេរិក ក្នុងនោះ ប្រទេសចិនចំនួនជិត៥ពាន់លានដុល្លារអាមេរិកស្មើ៣៧.៩០% ជប៉ុនចំនួនជាង១,៦ពាន់លានដុល្លារអាមេរិកស្មើ១២.៩៣% កូរ៉េខាងត្បូងចំនួនប្រមាណ៩១៦លានដុល្លារស្មើ៧.០១% បារាំងចំនួនជាង៤៩៥លានដុល្លារស្មើ៣.៧៩% ធនាគារអភិវឌ្ឍអាល្លឺម៉ង់ចំនួន៣៣.៩០លានដុល្លារ ស្មើ០.២៦% ប្រទេសឥណ្ឌាចំនួនជាង១១២លានដុល្លារស្មើ០,៨៦% ម៉ាឡេស៊ីចំនួនប្រមាណជាង៨លានដុល្លារស្មើ០,០៦% ថៃចំនួនប្រមាណ១០០លានដុល្លារស្មើ០,៧៧% និងប្រទេសវៀតណាមចំនួន៤៤លានដុល្លារឫស្មើ០,៣៤%។
ដោយឡែក នៅក្នុងអំឡុងឆមាសទី១ឆ្នាំ២០២០នេះ ពោល គឺក្នុងដំណាក់កាលវាយលុកខ្លាំងដោយជំងឺកូវីដ១៩ គឺ រដ្ឋាភិបាលកម្ពុជាបានខ្ចីលុយពីប្រទេសចិនជាង១១១លានដុល្លារ ពីប្រទេសេជប៉ុនចំនួនជាង២៧៤លានដុល្លារ និង កូរ៉េខាងត្បូង៥៧លានដុល្លារ ។ រីឯជាមួយដៃគូអភិវឌ្ឍវិញ គឺពីធនាគារពិភពលោកចំនួនជាង៣៥លានដុល្លារអាមេរិក ។
ចំណែក ជាមួយដៃគូអភិវឌ្ឍវិញ រដ្ឋាភិបាលកម្ពុជាបានខ្ចីលុយពីធនាគារអភិវឌ្ឍអាស៊ីមានចំនួនជាង២,៩ពាន់លានដុល្លារស្មើ២២.២១% ធនាគារវិនិយោគអឺរ៉ុបចំនួនជាង១៥៨លានដុល្លារស្មើ១.២១% ធនាគារពិភពលោកចំនួនជាង១,៣ពាន់លានដុល្លារស្មើ១០,៥១% មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍកសិកម្មប្រមាណ២០០លានដុល្លារស្មើ១,៥៤% មូលនិធិអភិវឌ្ឍន័រឌីក១១.៣០លានដុល្លារស្មើ០.០៩% និងមូលនិធិអូប៉ិចសម្រាប់ការអភិវឌ្ឍអន្តរជាតិចំនួនជាង៦៩លានដុល្លារស្មើ០.៥៣%។ កម្ចីទាំងអស់នេះ មានចំនួនជាង៤,៧ពាន់លានដុល្លារអាមេរិក ។
បើគិតទាំងកម្ចីទាំងពីបរទេស និងជាមួយដៃអភិវឌ្ឍ គឺរាជរដ្ឋាភិបាលកម្ពុជាមានបំណុលសាធារណៈដល់ទៅជាង១៣ពាន់លានដុល្លារអាមេរិកគិតពីឆ្នាំ១៩៩៣ ដល់ឆមាសទី១ នៃឆ្នាំ២០២០នេះ៕