ការទន្រ្ទានដីតំបន់ការពារនៅមណ្ឌលគិរី ពាក់ព័ន្ឋរហូតដល់សមាជិកព្រឹទ្ឋសភាម្នាក់

លោក ណ​យ ស្រូ​ន សមាជិក​ព្រឹទ្ធសភា ភូមិភាគ​៨ ត្រូវ​បាន​រក​ឃើញ​ថា មានការ​ពាក់ព័ន្ធ​នឹង​ការ​កាប់​រាន ដុត​ឆ្ការ ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​ខុសច្បាប់ នៅ​ដែនជម្រកសត្វព្រៃ​កែវ​សីមា និង​តំបន់ការពារធម្មជាតិ​មួយ​ចំនួន​ទៀត ក្នុង​ខេត្តមណ្ឌលគិរី និង ត្រូវ​បាន​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្រោយ​ពី​ទទួល​បាន​គោលការណ៍​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើ​លោក សាយ ឈុំ ប្រធាន​ព្រឹ​ទ្ឋ​សភា​ធ្វើការ​អប់រំ​ណែនាំ ។​

​បើ​តាម​លិខិត​របស់​លោក​ប្រមុខ​មហាផ្ទៃ ដែល​យោង​លើ​របាយការណ៍​របស់​ក្រុម​ស្រាវជ្រាវ​អន្តរក្រសួង បាន​រក​ឃើញ​ថា លោក​សមាជិក​ព្រឹ​ទ្ឋ​សភា ណ​យ ស្រូ​ន បាន​ប្រើប្រាស់​តួនាទី អំណាច និង​ឥទ្ធិពល​របស់​ខ្លួន​ជា​សមាជិក​ព្រឹទ្ធសភា ធ្វើការ​ណែនាំ​ដល់​មន្ត្រី​មូលដ្ឋាន​ឱ្យ​ចុះហត្ថលេខា​លើ​ឯកសារ​ដីធ្លី​ដែល​ពុំ​ស្របច្បាប់ ។​

​យ៉ាងណា​ក៍ដោយ នៅ​ថ្ងៃ​ទី​០៦ តុលា ២០២០​នេះ លោក ណ​យ ស្រូ​ន បាន​ធ្វើការ​សុំ​ទោស​ពី​ថ្នាក់ដឹកនាំ​ព្រឹ​ទ្ឋ​សភា នូវ​រាល់​កំហុសឆ្គង ទោះ​ចេតនា ឬ​អ​ចេតនា​ក្តី និង​បាន​ទទួលយក​ការ​ណែនាំ​របស់​ថ្នាក់ដឹកនាំ​ព្រឹ​ទ្ឋ​សភា​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃ​ទី​២៣ កញ្ញា ២០២០ និង​បាន​ធ្វើ​លិខិត​ឈប់​ពាក់​ព័​ន្ឋ​នឹង​ដី​ទំហំ ៥៣១​ហិ​កតា​ទៀត​ហើយ ៕