តោះអ្នកច្បាប់ជួយពន្យល់ ! បុរសម្នាក់ភ័យពីការដេញចាប់របស់សមត្ថកិច្ចក៍គាំងបេះដូងស្លាប់

បុរស​ម្នាក់​កំពុង​តែ​រត់គេច​ពី​សមត្ថកិច្ច​ដេញ​ចាប់ពី​ការ​លេងល្បែង​អាប៉ោង ក៍​ស្រាប់តែ​ដួល​គាំងបេះដូង​ស្លាប់​នៅ​លើ​ភ្លឺស្រែ ។​

​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​០៥ តុលា ២០២០ នៅ​ចំណុច​វាល​ត្រពាំង​ច្រាំង ខាងលិច​ភូមិ​ផ្គាំ ចម្ងាយ​ប្រហែល​៥០០​ម៉ែត្រ ក្នុង​ឃុំ​សិង្ហ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ​។​

​បុរស​ដែល​ស្លាប់​ត្រូវ​គេ​បញ្ជាក់​ថា​ឈ្មោះ នៅ ដា​រ៉ា អាយុ​៥៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​យាង​ថ្មី ឃុំ​កូប ស្រុក​អូរ​ជ្រៅ ។​

​បើ​តាម​បូ​លិ​ស​ស្រុក​អូរ​ជ្រៅ​បាន​ឲ្យ​ដឹង​ថា​  ដើម្បី​ការពារ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សិង្ហ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​វង់ល្បែង​មួយ​កន្លែង​ដែល​ជន​រង​គ្រោះ​និង​មនុស្ស​ផ្សេង​ទៀត​បាន​ជួបជុំ​គ្នា​លេងល្បែង​។ សមត្ថកិច្ច​បន្ថែម​ថា អ្នកលេង​បានដឹង​ខ្លួន​មុន ហើយ​បាន​បំបែកហ្វូង​រត់​យករួចខ្លួន ខណៈ​ក្រុម​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​កន្លែង​លេង ។ តែ​ដោយឡែក​បុរស​ខាងលើ បាន​ដួល​ដេក​លើ​ភ្លឺស្រែ​ព្រោះតែ​ជំងឺ​គាំងបេះដូង ហើយ​ក៏​បាន​ស្លាប់​គ្រា​ដែល​សមត្ថកិច្ច​ព្យាយាម​ជួយ​និង​បញ្ជូន​មក​ដល់​មន្ទីរពេទ្យ​។​

​អ្នក​ដែល​ឃើញ​ហេតុការណ៍​បាន​និយាយ​ថា ករណី​នេះ​ជន​រង​គ្រោះ​ទំនងជា​ភ័យ​ខ្លាច​ខ្លាំង​ពេក និង​ប្រឹង​រត់​រហូត​គាំងបេះដូង​ដួល​សន្លប់ ទើប​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​បែប​នេះ​។​

​សមត្ថកិច្ច​អះអាង​ថា អ្នកលេង​ល្បែងស៊ីសង (​អាប៉ោង​) សមត្ថកិច្ច​គ្រាន់តែ​ព្យាយាម​ឃាត់ខ្លួន​ពួក​គាត់​ដើម្បី​ធ្វើការ​អប់រំ​តែ​ប៉ុណ្ណោះ មិន​មាន​គោលការណ៍​ចាប់​ដាក់គុក​នោះ​ទេ ប៉ុន្តែ​ដោយ​អ្នកលេង​ល្បែង​នោះ​គាត់​ភ័យ​ពេក រត់​រហូត​គាំងបេះដូង​ដួល​ស្លាប់​។​

​បន្ទាប់​មក​សមត្ថកិច្ច​បាន​ប្រគល់​សាកសព​ឲ្យ​ក្រុមគ្រួសារនិងសាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕