លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ទោះក្នុងតម្លៃណាក៏ដោយត្រូវតែរក្សាឱ្យបានសុខសន្តិភាព ចេញមួយវ៉ៃមួយ លោកបានសង្កត់ធ្ងន់ថា ដាច់ខាតលោកត្រូវតែរក្សានូវសេចក្តីសុខរបស់ប្រជាពលរដ្ឋ ។
លោកប្រមុខរាជរដ្ឋាភិបាល ក៍បានថ្លែងបែបចំអកទៅក្រុមមនុស្សដែលលើកឡើងថា កម្ពុជាអត់មានសន្តិភាពផ្លូវចិត្តថា បើធ្វើខុសច្បាប់ គឺត្រូវតែរស់នៅភ័យខ្លាចហើយ ។ លោកបានថ្លែងថា ធ្វើខុសច្បាប់ គឺច្បាប់ត្រូវតែមានវិធានការច្បាប់ហើយ ។ លោក ហ៊ុន សែន ក៍បានបញ្ជាក់ទៀតថា បើចង់មានសន្តិភាពផ្លូវចិត្ត កុំធ្វើខុសច្បាប់ទៅបានហើយ។
ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី០៧ តុលា ២០២០ ក្នុងឱកាសដែលលោក បានអញ្ជើញសម្ពោធមជ្ឈមណ្ឌលកម្សាន្តខ្នាតយក្សនៅកម្ពុជា «ព្រីនស៍ ម៉ាណ័រ» ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ២៤ ភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ៕