អ៊ីរ៉ង់បានចំអកឲ្យប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ថាជាការ “សម្លុត” និងថា លោកត្រាំកំពុង “បង្កើតរឿងហូលីវូត” បន្ទាប់ពីលោក ត្រាំ បានគំរាមប្រើកងទ័ពជើងទឹក បាញ់ពន្លិច ទូកតូចៗរបស់អ៊ីរ៉ង់ ដែលមានកាំភ្លើងយន្ត កំពុងធ្វើសមយុទ្ធការពារ ដែលសមុទ្រ នេះបើតាម dailymail ចុះផ្សាយថ្ងៃទី២៣ មេសានេះ។
ប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃពុធ ម្សិលមិញនេះថា លោកបានណែនាំកងទ័ពជើងទឹកអាមេរិកឱ្យបាញ់កម្ទេចទៅលើនាវាអ៊ីរ៉ង់ណា ដែលរំខាននៅលើសមុទ្រ បន្ទាប់ពីនាវាចំនួន ១១គ្រឿងមកពីកងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ (IRGCN) បានមកជិតៗ នាវាអាមេរិក នៅឈូងសមុទ្រពែរ្ស ។
លោក ត្រាំ បានសរសេរនៅលើបណ្ដាញសង្គម ធ្វីតធើ ថា “ខ្ញុំបានណែនាំកងទ័ពជើងទឹកសហរដ្ឋអាមេរិក ឱ្យបាញ់ពន្លិច និងកម្ទេចទូកអ៊ីរ៉ង់ណាមួយ ប្រសិនបើពួកគេរំខានដល់នាវារបស់យើង នៅលើសមុទ្រ” ។
ទោះយ៉ាងណា បេសកជនអ៊ីរ៉ង់ ប្រចាំអង្គការសហប្រជាជាតិ លោក Alireza Miryousefi បានសាកសួរអំពីអាទិភាពរបស់មន្ទីរបញ្ចកោណ និងបានប្រាប់អ្នកសារព័ត៌មានថា “នៅចំពេលមានជំងឺរាតត្បាតជាសកល ដែលមានការចាប់អារម្មណ៍ទូទាំងពិភពលោក គឺកំពុងប្រយុទ្ធប្រឆាំងនឹងវីរុស កូវីដ១៩នេះ សំណួរសួរថា តើយោធាអាមេរិកកំពុងធ្វើអ្វី នៅដែនទឹក ឈូងសមុទ្រពែរ្ស ចម្ងាយ ៧,០០០ ម៉ាយ ពីប្រទេសអ៊ីរ៉ង់ ?
លោក Alireza Miryousefi បន្ថែមថា «អ៊ីរ៉ង់បង្ហាញថា ខ្លួននឹងមិនចុះចាញ់ ការបំភិតបំភ័យ និងការគំរាមកំហែងនោះទេ! ហើយក៏មិនស្ទាក់ស្ទើរ ក្នុងការការពារទឹកដីរបស់ខ្លួន ដោយអនុលោមតាមច្បាប់អន្តរជាតិ ពីការឈ្លានពានណាមួយផងដែរ ។
ខណៈពេលដែលឧត្តមសេនីយត្រី អ៊ីរ៉ង់ មួយរូប ក៏បាននិយាយដែរថា «ជំនួសឱ្យការសម្លុតអ្នកដទៃ នៅថ្ងៃនេះ ជនជាតិអាមេរិក ត្រូវតែប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីជួយសង្គ្រោះអ្នកជំងឺកូវីដ១៩ ក្នុងប្រទេសខ្លួន» ។
លោក ត្រាំ មិនបានលើកឡើងឬផ្តល់ព័ត៌មានលម្អិតណាមួយនៅក្នុងធ្វីតធើ របស់គាត់ទេ ។ សេតវិមានមិនមានការអត្ថាធិប្បាយភ្លាមៗទេ ។ កងនាវាចរ ទី៥ របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក នៅបារ៉ែន បានបង្វែរសំណួររបស់អ្នកសារព័ត៌មានឲ្យទៅសួរ មន្ទីរបញ្ចកោណ ហើយមន្ទីរបញ្ចកោណ បានបង្វែរសំណួរ ឲ្យទៅសួរ សេតវិមាន ។
ប៉ុន្មានម៉ោងមុននេះ ចំពេលមានភាពតានតឹងឡើងវិញ ដោយឆ្មាំបដិវត្តអ៊ីរ៉ង់ បានប្រកាសពីការបាញ់បង្ហោះផ្កាយរណបយោធាដំបូងបង្អស់របស់ប្រទេសនេះ ដោយជោគជ័យ ដែលសហរដ្ឋអាមេរិកចាត់ទុកថាជាកម្មវិធីសម្រាប់ការអភិវឌ្ឍមីស៊ីលផ្លោង ៕