ខេត្តបាត់ដំបង ៖ ថ្ងៃទី០៩ ខែតុលា ២០២០នេះ បើយោងរដ្ឋបាលខេត្តបាត់ដំបង បានជូនដំណឹងថា សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងខេត្តបាត់ដំបង ជាពិសេសបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយដងស្ទឹងសង្កែ សូមឲ្យមានការប្រុងប្រយ័ត្ន ដោយសារភ្លៀង នៅតែបន្តធ្លាក់ នៅប៉ែកខាងលើ ធ្វើឱ្យអាងស្តុកទឹកពេញដែលត្រូវបើកទ្វារទឹកបង្ហូរចូលក្នុងស្ទឹងសង្កែ ដែលធ្វើឱ្យកម្ពស់ទឹកក្នុងស្ទឹងមានការកើនឡើង អាចនៅយប់នេះ ឬព្រឹកស្អែក អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ ។
តាមព័ត៌មានបឋម នៅតំបន់ទំនាប នៃស្រុកមួយចំនួន ក្នុងខេត្តបាត់ដំបង ត្រូវបានទឹកជន់លិច ក្នុងនោះមានស្រុកសំឡូត រុក្ខគិរី មោងឬស្សី ភ្នំព្រឹក និងស្រុកសំពៅលូន ។
លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី៩ ខែតុលា បានដឹកនាំកម្លាំងចម្រុះចុះអន្តរាគមន៍ និងជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋនៅស្រុករុក្ខគិរី មកនៅទីទួលសុវត្ថិភាព ។ លោកបានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវតាមដានសភាពការណ៍នេះលើ២៤ម៉ោង ខណ:ដែលភ្លៀងកំពុងធ្លាក់ជាប់ៗគ្នា ធ្វើឲ្យមូលដ្ឋានភូមិ ស្រុកមួយចំនួន មានការលិចលង់ ផងដែរ ៕