កម្ពស់ទឹកនៅទ្វារទឹកទំនប់៧មករា នាពេលនេះគឺមានកម្ពស់ ៨,១ ម៉ែត្រ លើសកម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ននៅកម្រិត ៧,០០ ម៉ែត្រ ។
នេះបើយោងតាមផេកហ្វេសប៊ុកក្រសួងធនធានទឹកនងឧតុនិយមដែលបង្ហោះនៅប៉ុន្មាននាទីមុននេះ ។
ប្រភពដដែលបានបញ្ជាក់ថា នៅវេលាម៉ោង៨យប់ថ្ងៃទី០៩ តុលា ២០២០នេះក្រុមការងារបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយមដឹកនាំដោយលោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម និងជាប្រធានមុខព្រួញខេត្តកណ្តាល លោក ហៀង ម៉េង ប្រធាននាយកដ្ឋានវិស្វកម្ម និងក្រុមការងារបច្ចេកទេសក្រសួងធនធានទឹក បានចុះយកបាវខ្សាច់បិទពីលើសន្លឹកទ្វារទឹកនៅសំណង់ទ្វារទឹក១៥ ស្ថិតក្នុងសង្កាត់សាក់សំពៅ ខណ្ឌដង្កោ ដើម្បីការពារលំហូរទឹកមានកម្ពស់ខ្ពស់ជាងទ្វារទឹក ហូរចូលមកប៉ែកខាងរាជធានីភ្នំពេញ ។
ស្ថានភាពទឹកនៅទីតាំងប្រឈម បន្តស្ថិតនៅក្នុងសភាពប្រុងប្រយ័ត្នដដែល ដោយក្រុមការងារបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម នៅបន្តតាមដាន និងប្រចាំការ ២៤ម៉ោង តាំងពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០មក ដើម្បីអន្តរាគមន៍ចំពោះជំនន់ទឹកភ្លៀងស្ទឹងព្រែកត្នោតនេះ ៕