អ្នក​បាត់ដំបង សូម​ប្រយ័ត្ន​! ទឹកស្ទឹង​សង្កែ​ជន់​ឡើង​ខ្ពស់ អាចនៅ​យប់​ថ្ងៃ​ទី​០៩​នេះ ឬ​ព្រឹកស្អែក

ខេត្តបាត់ដំបង ៖ ថ្ងៃ​ទី​០៩ ខែតុលា ២០២០​នេះ បើ​យោង​រដ្ឋបាល​ខេត្តបាត់ដំបង បាន​ជូនដំណឹង​ថា សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​រស់នៅ​ក្នុង​ខេត្តបាត់ដំបង ជា​ពិសេស​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​បណ្តោយ​ដងស្ទឹង​សង្កែ សូម​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន ដោយសារ​ភ្លៀង នៅ​តែ​បន្ត​ធ្លាក់ នៅ​ប៉ែក​ខាងលើ ធ្វើ​ឱ្យ​អាង​ស្តុក​ទឹក​ពេញ​ដែល​ត្រូវ​បើកទ្វារ​ទឹក​បង្ហូរ​ចូល​ក្នុង​ស្ទឹង​សង្កែ ដែល​ធ្វើ​ឱ្យ​កម្ពស់​ទឹក​ក្នុង​ស្ទឹង​មានការ​កើនឡើង អាច​នៅ​យប់​នេះ ឬ​ព្រឹកស្អែក អាស្រ័យ​ហេតុនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ។

តាម​ព័ត៌មាន​បឋម នៅ​តំបន់​ទំនាប នៃ​ស្រុក​មួយ​ចំនួន ក្នុង​ខេត្តបាត់ដំបង ត្រូវ​បាន​ទឹក​ជន់​លិច ក្នុង​នោះ​មានស្រុក​សំឡូត រុក្ខ​គិរី មោង​ឬ​ស្សី ភ្នំព្រឹក និង​ស្រុក​សំពៅ​លូន ។

លោក ងួ​ន រតនៈ អភិបាលខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​៩ ខែតុលា បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​អន្តរាគមន៍ និង​ជួយ​សង្គ្រោះ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​រុក្ខ​គិរី មក​នៅ​ទីទួល​សុវត្ថិភាព ។ លោក​បាន​ផ្តាំផ្ញើ​ដល់​ថ្នាក់ដឹកនាំ​អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់ ត្រូវ​តាមដាន​សភាពការណ៍​នេះ​លើ​២៤​ម៉ោង ខណ​:​ដែល​ភ្លៀង​កំពុង​ធ្លាក់​ជាប់​ៗ​គ្នា ធ្វើ​ឲ្យ​មូលដ្ឋាន​ភូមិ ស្រុក​មួយ​ចំនួន មានការ​លិចលង់ ផង​ដែរ ៕