វ៉ាស៊ីនតោន ៖ វេជ្ជបណ្ឌិតរបស់លោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានជាសះស្បើយពីជំងឺ COVID-19 ហើយលោកអាចត្រឡប់ទៅចូលរួមក្នុងវេទិកាសាធារណៈនានាឡើងវិញ ចាប់ពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះតទៅ ។
នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែតុលា ឆ្នាំ២០២០។
នៅសេតវិមាន នាព្រឹកថ្ងៃសុក្រ ទី០៩ ខែតុលា ឆ្នាំ២០២០ លោកវេជ្ជបណ្ឌិត សន ខុនលី Sean Conley បានគូសបញ្ជាក់ថា លោក ដូណាល់ ត្រាំ មានសុខភាពល្អពេញលេញ ដោយគ្មានសេសសល់រោគសញ្ញាអ្វីឡើយ ។ គ្រូពេទ្យប្រចាំសេតវិមានរូបនេះបានបញ្ជាក់បន្ថែមថា «នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ គឺត្រូវនឹងថ្ងៃទី១០ ចាប់តាំងពីការធ្វើរោគវិនិច្ឆ័យមក ហើយផ្អែកលើភាពរីកចម្រើនទៅមុខ ខ្ញុំហ៊ាននិយាយថា លោកប្រធានាធិបតីអាចត្រឡប់ទៅចូលរួមក្នុង វេទិកាសាធារណៈនានាវិញបាន» ។
គួរជម្រាបថា លោក ដូណាល់ ត្រាំ និងភរិយាត្រូវបានធ្វើតេស្ដវិជ្ជមាន COVID-19 កាលពីថ្ងៃសុក្រសប្ដាហ៍មុន ហើយលោកត្រូវបានអនុញ្ញាតឱ្យចាកចេញពី មន្ទីរពេទ្យត្រឡប់ទៅសេតវិមានវិញ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ៕