ពីម្សិលមិញ និយាយដោយឡែកនៅរាជធានីភ្នំពេញ ភ្លៀងបានធ្លាក់ខ្លាំងនិងជាច្រើនម៉ោង បង្កឲ្យមានការលិចលង់នៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ ពិសេសបើតាមការបង្ហោះនិងចែកចាយបន្តគ្នានៅលើបណ្តាញសង្គមហ្វេសប៊ុក តំបន់ដែលលិចលង់ធ្ងន់ធ្ងរជាងគេគឺនៅផ្លូវជាតិលេខ៤ ពីរង្វង់មូលចោមចៅទៅអូរឌឹម កំណាត់ផ្លូវមុខឃ្លាំងរំសេវនិង តំបន់វត្តសន្សំកុសល..ជាដើម ។
ប៉ុន្មានម៉ោងក្រោយការលិចលង់និងភ្លៀងបន្តធ្លាក់ សាលារាជធានីភ្នំពេញក៍ចេញសេចក្តីដំណឹងបន្ទាន់មួយដោយបិទផ្លូវ៣៧១ក្នុងខណ្ឌមានជ័យបណ្តោះអាសន្ន ដើម្បីអាជ្ញាធរដឹកម៉ាស៊ីននិងបូមទឹករំដោះពីបឹងទំពុនដោយសារការជន់លិចខ្លាំង ហើយអាជ្ញាធរបារម្ភពីការលិចលង់លំនៅដ្ឋានពលរដ្ឋនៅតំបន់ក្បែរៗបឹងទំពុន ។
នៅព្រឹកមិញ ក្រោយមានការលិចលង់ដោយសារទឹកភ្លៀងនៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ ស្រាប់តែអ្នកហូបកាហ្វេតាមហាងមួយចំនួនបាននឹកឃើញនិងរំឮកពីការតវ៉ារបស់អ្នកភូមិបឹងកក់មួយចំនួនកាលពីប៉ុន្មានឆ្នាំមុនដោយមានការបង្ក្រាបពីសំណាក់អាជ្ញាធររាជធានីភ្នំពេញបង្កឲ្យក្រុមអ្នកតវ៉ាមួយចំនួនរងរបួសផងដែរ ។ ក្រុមអ្នកចេកចូចចាចតាមតូបកាហ្វេខ្លះបានចោទសួរគ្នាលេងដោយចង់ដឹងថា តើអ្នកដែលចូលរួមបង្ក្រាបរហូតមានអំពើហិង្សាខ្លះលើភូមិបឹងកក់មួយចំនួនតូចនោះ ផ្ទះរបស់ពួកគេ(អ្នកបង្ក្រាប)ទឹកលិចដែរអត់យប់មិញ ? ។
យ៉ាងណា សង្ឃឹមថា លំនៅដ្ឋានរបស់អ្នកដែលចូលរួមបង្ក្រាបមិនមានការលិចលង់ទៅចុះ ។ អ្វីដែលពួកគេធ្វើគឺជាកាតព្វកិច្ចតែប៉ុណ្ណោះ ហើយចម្ងល់ខាងលើ គឺគ្រាន់តែជាការជជែកនិយាយគ្នាលេងពីសំណាក់អ្នកឈឺឆ្អាលនឹងសង្គមមួយចំនួតូចនៅតាមតូបកាហ្វេលើចិញ្ចើមផ្លូវ មិនមែនហាងកាហ្វេប្រ៊ែនៗ ដូចអ្នកមានលទ្ឋភាពនោះដែរ ៕