សោកស្តាយបំផុត ភូមិវប្បធ៌មនឹងត្រូវបិទទ្វារចាប់ពីថ្ងៃទី០៧ វិច្ឆិកា

ក្រុមហ៊ុន​ភូមិ​វប្បធម៌ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខេត្តសៀមរាប បាន​ប្រកាស​បិទ​អាជីវកម្ម​ទាំងស្រុង​ចាប់ពី​ថ្ងៃ​ទី​០៧ វិច្ឆិកា ២០២០ ដោយសារ​វិបត្តិ​ហិរញ្ញវត្ថុ​ដែល​ផ្តើម​ចេញពី​ជំងឺ​កូ​វី​ដ​១៩ ។​

​នេះ​បើ​តាម​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃ​ទី​១១ តុលា ២០២០ របស់​ក្រុមហ៊ុន​ភូមិ​វប្ប​ធ៌​ម ។​

​ការ​ប្រកាស​បិទ​អាជីវកម្ម​ទាំងស្រុង​របស់​ភូមិ​វប្បធម៌​នៅ​ខេត្តសៀមរាប​នេះ គឺ​ដោយសារ​តែ​ការ​រីក​រាល​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ធ្វើ​ឲ្យ​ភ្ញៀវ​ចូល​ទស្សនា​មានការ​ថយ​ចុះ​យ៉ាង​គំហុក​ជា​ច្រើន​ខែ​កន្លង​មកនេះ បណ្ដាល​ឲ្យ​ក្រុមហ៊ុន​មានការ​ជួប​វិ​បត្ត​ហិរញ្ញវត្ថុ​។​

​បើ​តាម​សេចក្តីជូនដំណឹង​ដដែល ការ​បិទ​អាជីវកម្ម​នេះ​ដែរ ក៏​បាន​ធ្វើ​ឲ្យ​មានការ​បញ្ចប់​កិច្ចសន្យាការងារ​ជាមួយ​បុគ្គលិក​គ្រប់​ផ្នែក​ទាំងអស់ ដូច្នេះ គណៈ​គ្រប់គ្រង​នៃ​ក្រុមហ៊ុន​ភូមិ​វប្បធម៌​កម្ពុជា នឹង​ធ្វើការ​ទូទាត់​ប្រាក់​សំណង​ជូន​បុគ្គលិក​ទាំងអស់​ស្រប​តាម​បទ​ប្បញ្ញត្តិ​ច្បាប់​ស្ដី​ពី​ការងារ​។​

​ភូមិ​វប្បធម៌​មាន​ទំហំ​២១​ម៉ឺន​ម៉ែត្រការ៉េ ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ចម្ងាយ​៣​គីឡូម៉ែត្រ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប និង​៥​គីឡូម៉ែត្រ​ពី​ប្រាសាទអង្គរវត្ត​។ វា​ក្លាយជា​គោលដៅ​មួយ​ផ្នែក​ដែល​បាន​ទាក់ទាញ​ទេសចរណ៍​ទៅ​កាន់​ខេត្តសៀមរាប បើ​គិត​ចាប់តាំងពី​ដំណើរ​ពី​ខែកញ្ញា ឆ្នាំ​២០០៣​មក​។​

​ភូមិ​នេះ​មាន​សារមន្ទីរ​ក្រមួន​ដែល​បង្ហាញ​ពី​រូប​ប្រវត្តិសាស្ត្រ​ផ្សេង​ៗ តាំងពី​របៀប​សាងសង់​ប្រាសាទ​អង្គ​វត្ត​  ជីវភាព​រស់នៅ​របស់​ជនជាតិ​ខ្មែរ​នា​សម័យ​ចេ​ន​ឡា និង រូបតំណាង​ឱ្យ​មនុស្ស​ដែល​មាន​ចារ​ក្នុង​ប្រវត្តិសាស្ដ្រ​ផ្សេង​ៗ​ទៀត​។​

​លើស​ពី​នេះ​ទៅ​ទៀត នៅ​ទីនោះ​មាន​រូប​គំរូ ១/២០ នៃ​ផ្សារ​ធំ​ថ្មី ព្រះ​បរមរាជវាំង វត្ត​ភ្នំ នៅ​ភ្នំពេញ ភ្នំ​ឧត្តុង្គ និង មាន​សំណង់​គម្រូ​នៃ​ខ្ទម និង ផ្ទះ​ខ្មែរ​, ផ្ទះ​ជនជាតិ​, វត្ត និង វិហារ​ឥ​ស្លា​ម ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​គ្រប់​ជន​សាសន៍ មក​ចូល​ទស្សនា​ច្រើន​កុះករ នា​ពេល​មុន​កម្ពុជា និង​ពិភពលោក​ជួប​ប្រទះ​នូវ​ជំងឺឆ្លង​កូ​វី​ដ​-១៩​។​

​ក្រោម​អ្នក​តាមដាន​សង្គម​មួយ​ចំនួន​បាន​សម្តែង​ការ​សោក​ស្តាយក្រោយ​ទទួល​ព័ត៌មាន​ស្តី​ពី​ការ​បិទ​ភូមិ​វប្ប​ធ៌​ម ដែល​តែងតែ​បង្ហាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ពី​វប្ប​ធ៌​ម អរិយ​ធ៌​ម មុន​សម័យ​អង្គរ សម័យ​អង្គរ​ដ៍​រុងរឿង និង​បាន​ចូលរួម​ចំណែក​ដ៍​ធំធេង​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​លើក​ស្ទួយ និង​ថែរក្សា​វប្ប​ធ៌​ម​ជាតិ​ដ៍​សម្បូរ​បែប​និង​មាន​វ័យ​ចំណាស់​នៅ​ក្នុង​តំបន់​និង​ពិភពលោក ។​

«​អង្រុត​» សូម​សំណូមពរ​ដល់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពិនិត្យ​ល​ទ្ឋ​ភាព​បែប​ណា ដើម្បី​បន្ត​រក្សា​នូវ​ភូមិ​វប្ប​ធ៌​ម​ក្នុង​ខេត្តសៀមរាប​ឲ្យ​នៅ​ជា​និរន្តរ៍ ទុកជា​ប្រយោជន៍​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ​ៗ ក៍​ដូច​ជា​បង្ហាញ​ឲ្យ​ជាតិ​សាសន៍​ដទៃ​លើ​លោក​ស្គាល់​ខ្មែរ​កាន់តែ​ច្បាស់ ៕