នៅថ្ងៃទី១២តុលានេះ ព្យុះទី១៥ឈ្មោះ«លីនហ្វា» នឹងបង្កឥទ្ឋិពលលើទន្លេនៅភាគឦសានដូចជាទន្លេសេកុង សេសាននិងទន្លេស្រែពក ហើយអាចជាបង្កជាជំនន់ទឹកភ្លៀងប្រសិនបើភ្លៀងច្រើន ។
បើតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បន្ទាប់ពីព្យុះទី១៥បង្កផលប៉ះពាល់ដល់ខេត្តរតនគិរី កំពង់ឆ្នាំង ព្រៃវែង កោះកុង ខេត្តដទៃទៀតនិងតំបន់ជួរភ្នំក្រវាញកាលពីថ្ងៃម្សិលមិញ នៅថ្ងៃនេះក៍មានព្យុះមួយទៀតអាចនឹងកើតឡើងនៅសមុទ្រចិនខាងត្បូង ដែលព្យុះទី១៦នេះឈ្មោះ«ណាងកា» ហើយវានឹងមានឥទ្ឋិពលនៅកោះហៃណាំប្រទេសចិន មុនពេលវាមកដល់ទីក្រុងហាណូយប្រទេសវៀតណាមនៅថ្ងៃទី១៤-១៥តុលា ហើយព្យុះនេះមានឥទ្ឋិពលតិចតួចបំផុតមកលើប្រទេសកម្ពុជា ។
បើតាមសេចក្តីជូនដំណឹងរបស់នាយកដ្ឋានព័ត៌មានគ្រប់គ្រងគ្រោះមហន្តរាយនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានបញ្ជាក់ទៀតថា នៅថ្ងៃទី១៤ តុលា ក៍នឹងមានព្យុះមួយទៀតកើតឡើងនៅភាគខាងកើតប្រទេសហ្វីលីពីន ហើយព្យុះទី១៧ឈ្មោះ«សូវឌែល»នឹងចេញពីសមុទ្រចិនខាងត្បូងហើយចូលមកភាគខាងត្បូងប្រទេសវៀតណាមនៅថ្ងៃទី១៥-១៧តុលា ហើយនៅថ្ងៃទី១៨ តុលា ព្យុះទី១៧នេះ នឹងចូលមកដល់ខេត្តរតនគិរីនិងខេត្តស្ទឹងត្រែង ៕