ក្នុងព្រះបរមនាមនិងតាមព្រះរាជត្រាស់បង្គាប់ ប្រមុខរដ្ឋស្តីទីលោក សាយ ឈុំ បានចុះហត្ថលេខាលើព្រះរាជក្រឹត្យដោយបញ្ចប់មុខតំណែងលោកឧត្តមសេនីយ៍ឯក(ផ្កាយ៣) តាត និមល អនុប្រធានក្រុមប្រឹក្សានីតិកម្មនៃក្រសួងមហាផ្ទៃ ដែលមានឋានៈស្មើអគ្គនាយក។
យ៉ាងណាក៍ដោយព្រះរាជក្រឹត្យមិនបានបញ្ជាក់អំពីមូលហេតុនៃការបញ្ចប់មុខតំណែងលោក តាត និមល នោះទេ ។ លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មិនអាចរកការសុំអត្ថាធិប្បាយបញ្ជាក់បន្ថែមបានទេនៅរសៀលថ្ងៃទី១២ តុលា ២០២០នេះ ។
បើតាមប្រភពផ្លូវការបានបញ្ជាក់ថា ក្រៅពីមានតួនាទីជាអនុប្រធានក្រុមប្រឹក្សានីតិកម្ម លោក តាត និមល ក៍ជាមេធាវីពេញសិទ្ឋិកំពុងប្រកបវិជ្ជាជីវៈផងដែរ ។
ដោយបានពិនិត្យឃើញថា មន្ត្រីរាជការថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិមួយចំនួន ចំណុះក្រសួងមហាផ្ទៃ ប្រកបវិជ្ជាជីវៈជាមេធាវី ខណៈដែលខ្លួនកំពុងបំពេញមុខងារសាធារណៈ ដោយ ស្ថានភាពមន្ត្រីរាជការបែបនេះផ្ទុយនឹងបទប្បញ្ញត្តិ និង លិខិតបទដ្ឋានគតិយុត្ត ស្តីពីការគ្រប់គ្រងមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ និង ច្បាប់ស្តីពីលក្ខន្តិកៈមេធាវី លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០៥ សីហា ២០២០ បានចេញសេចក្តីណែនាំមួយ ស្តីពី «វិសមិតភាពក្នុងការបំពេញមុខងារសាធារណៈ និង ការប្រកបវិជ្ជាជីវៈមេធាវីរបស់មន្ត្រីរាជការក្រសួងមហាផ្ទៃ» មានន័យថា បើជាមន្ត្រីកំពុងបំពេញមុខងារសាធារណៈផងនិងជាមេធាវីផង ត្រូវសម្រេចជ្រើសរើសយកតែមុខងារមួយប៉ុណ្ណោះ៕