ខណៈដែលប្រជាពលរដ្ឋមួយចំនួនក្នុងរាជធានីភ្នំពេញ បាននិងកំពុងជួបការលំបាកទឹកភ្លៀងលិចចូលផ្ទះ និងសំរាម ហើយដែលបញ្ហាទាំងពីរនេះ ដោះមិនទាន់ចប់សព្វគ្រប់និងរកវិធានការទប់កុំឲ្យលិចលង់សម្រាប់បណ្តាឆ្នាំក្រោយៗទៀត ទោះបីជាអាជ្ញាធរបានខិតខំប្រឹងប្រែងរាល់យប់ថ្ងៃយ៉ាងណាក្តី ស្រាប់តែលោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនិងជាអភិបាលរាជធានីភ្នំពេញផងនោះ បានប្រាប់កងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញត្រៀមទប់ស្កាត់និងបង្ក្រាបក្រុមជ្រុលនិយមក្បត់ជាតិ ពិសេសទប់ស្កាត់ផែនការលើកទី២ក្នុងការវិលចូលស្រុករបស់លោក សម រង្ស៊ី ។
ថ្លែងនៅក្នុងពិធីសម្ពោធអគាររដ្ឋបាលមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ នាព្រឹកថ្ងៃទី១២ តុលា ២០២០ ដែលមានវត្តមានលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាកងរាជអាវុធហត្ថលើផ្ទៃប្រទេសផងនោះ លោក ឃួង ស្រេង បានបញ្ជាក់យ៉ាងដូច្នេះ«កម្លាំងប្រដាប់អាវុធយើង មិនត្រឹមតែបំពេញការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែម ទាំងជាកម្លាំងត្រៀមអន្តរាគមន៍ ដ៏មានប្រសិទ្ធភាពលើកគ្រប់ភារកិច្ចសង្គមទាំងអស់។ ត្រៀមរង់ចាំអនុវត្តន៍ បទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងករណីផែនការទប់ស្កាត់វិលត្រឡប់ចូលស្រុកជាលើកទី២ របស់ទណ្ឌិត សម រង្ស៉ី និងបក្សពួក ដើម្បីធានាប្រក្រតីភាពសង្គម រក្សាជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងធានាបាននូវ ការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាពខ្ពស់ ចំពោះមេក្លោងបដិវត្តពណ៌»។
ក្រុមអ្នកតាមដានសង្គមមួយចំនួនបានលើកឡើងថា ទោះបីថាពេលនេះ ក្រោយពីអាជ្ញាធរបានខិតខំប្រឹងប្រែងសឹងតែគ្មានពេលសម្រាក ធ្វើឲ្យស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងរាជធានីភ្នំពេញបានធូរស្រាលបណ្តើរៗហើយក្តី ក៍គួរតែអាជ្ញាធររាជធានីភ្នំពេញ ត្រៀមរៀបចំផែនការមេសិក្សាគម្រោងរំដោះទឹកសម្អុយនិងទឹកជំនន់បន្ថែមទៀត ជៀសវាងការលិចលង់នៅបណ្តាឆ្នាំក្រោយៗទៀត ប្រសើរជាងការគិតនូវអ្វីដែលមិនអាចនឹងកើតមានឡើង ៕