បញ្ជូន​ថៅកែ​ស្រី​រូប​ស្រស់​ម្នាក់​ទៅ​តុលាការ ករណី​វាយ​កូនឈ្នួល​ជា​អនីតិជន

ខេត្តកណ្តាល ៖ ពិតជា​ឃោរឃៅ​មែន ដែល​ថៅកែ​ស្រី ប្រើ​សុទ្ធតែ​វែក​សម្ល​វាយ​ធ្វើបាប​ឈ្មួ​ល​បម្រើ​ជា​អនីតិជន ជា​ច្រើន​លើក​ច្រើន​សារ តែ​ទីបំផុត​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ឃាត់ខ្លួន​និង​បញ្ជូន​ថៅកែ​ស្រី​រូប​នេះ មក​តុលាការ​ខេត្តកណ្តាល ដើម្បី​ចាត់ការ​តាម​ច្បាប់ នៅ​រសៀល​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២០​នេះ ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា ស្ត្រី​ជា​ជនសង្ស័យ​មានឈ្មោះ ដាំង រស្មី ភេទ​ស្រី អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ថ្មី សង្កាត់ តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ ជា​មេផ្ទះ ។ ខណៈ​ពេល​នេះ ជនសង្ស័យ​កំពុង​ស្ថិត​ក្រោម​ការ​សាកសួរ​របស់​លោក ទិន សុចិ​ត្រា ព្រះរាជអាជ្ញា​រង​អម​អយ្យការ​សាលាដំបូង​ខេត្តកណ្តាល នៅឡើយ ។

ចំណែក​នារី​រង​គ្រោះ​មាន​អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​អ្នកបម្រើ​នៅ​តាម​ផ្ទះ មានស្រុក​កំណើត​នៅ​ភូមិ អូរ​អង្គរ​ឃុំ​សា​គ្រាម ស្រុក​ប្រាសាទ​ប​ល្ល័​ង្គ ខេត្តកំពង់ធំ ។

ប្រភព​ពី​សមត្ថកិច្ច បាន​បន្ត​ថា កាលពី​ថ្ងៃ​ទី​៦ មិថុនា ២០២០ មីង​ប​ង្តើ​តរបស់​ជន​រង​គ្រោះ គឺ​ឈ្មោះ សុខ ស្រី​មុំ មុខរបរ​ជា​កសិករ មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយ​គ្នា បាន​នាំ​ជន​រង​គ្រោះជា​ក្មួយ​ស្រី មក​ធ្វើការ​ជា​អ្នកបម្រើ​នៅផ្ទះ​របស់​ជនសង្ស័យ ស្ថិត​នៅ​ភូមិ​សង្កាត់​ដូច​ខាងលើ ។

ចាប់តាំងពី​ពេល​ដែល​នាង​បាន​មក​ធ្វើការ​ជា​អ្នកបម្រើ​នៅផ្ទះ​ថៅកែ​ស្រី​រូប​នេះ​តែងតែ​ប្រើ​អំពើ​ឃោរឃៅ វាយដំ​មក​លើ​នារី​រង​គ្រោះ​រហូត ពេល​ខ្លះ​យក​វែក​សម្ល វាយ​ក្បាល វាយ​មុខ បណ្តាល​អោយ​បែក​ហូរ​ឈាម ពេល​ខ្លះ​ទៀត បានកា​បិត​ប៉័ងតោ វាយ​ក្បាល និង​ដាច់​មុខ បណ្តាល​អោយ​បែក​ហូរ​ឈាម ជា​ច្រើន​លើក​ច្រើន​សារ ហើយ​មិន​បាន​នាំ​នាង​ទៅ​ពេទ្យ ឬ​ទិញ​ថ្នាំ​ព្យាបាល​នាង​ទេ ហើយ​បង្ខំ​អោយ​នាង​ធ្វើ​ការងារ​ផ្ទះ ទោះបីជា​នាង​ឈឺ​ក៏​ដោយ ។

ប្រភព​ដដែល អោយ​ដឹង​ទៀត​ថា នៅ​ថ្ងៃ​ទី​៨ តុលា ២០២០ ថៅកែ​ស្រី បាន​ប្រើ​នារី​រង​គ្រោះ​អោយ​យក​កូនចាន​បបរ ស្លាបព្រា និង​កែវ មក​អោយ តែ​យក​មក​មិន​ទាន់ចិត្ត ត្រូវ​បាន​ថៅកែ​ស្រី យក​វែក​សម្ល​វាយ​បែក​ចិញ្ចើម​ខាងស្តាំ​បែក​ហូរ​ឈាម ។ ភ្លាម​ពេល​នោះ​នាង​បាន​ដើរ​ចូល​ទៅ​ក្នុង​បន្ទប់ យក​អាវ មក​ទប់​ឈាម កុំអោយ​ហូរ ។ លុះ​ស្អែក​ឡើង ថ្ងៃ​ទី​៩ តុលា ២០២០ ថៅកែ​ស្រី បាន​ប្រើ​អោយ​នាង អាំងត្រី និង​មើល​សម្ល ដោយសារ​តែ​នាង​អាំងត្រី​មិន​ឆ្អិន​ល្អ ថៅកែ​ស្រី​ក្តៅចិត្ត បាន​ទាញ​យក​វែក វាយ​ចំ​ចិញ្ចើម មុខ​ខាងឆ្វេង បណ្តាល​អោយ​បែក​ហូរ​ឈាម ចំ​ពីលើ​ស្នាម​កាំបិត​ចាស់ ដែល​ថៅកែ​រូប​នេះ​ធ្លាប់​វាយ ហើយ​ពេល​នោះ​ដែរ​ថៅកែ​ស្រី​នាង បាន​ប្រើ​អោយ​នាង មក​ទិញ​ទឹកត្រី ខាងក្រៅ​ផ្ទះ ទើប​នាង​មានឱកាស​ល្អ ក៏​បាន​រត់​ចេញ​ហើយ​ហៅ​ម៉ូតូឌុប ជិះ​អោយ​ជូន​មក​ស្ថានីយ៍​វិទ្យុ ABC នៅ​សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដើម្បី​អោយ​ជួយ​ប្រាប់​ទៅ​ម្តាយ ឲ្យ​មក​យក​នាង​ទៅ​ផ្ទះ​វិញ​ផង ។

ពេល​ដែល​បានឮ​ព័ត៌មាន​តាម​វិទ្យុ ABC ផ្សាយ​នោះ កម្លាំង​ជំនាញ​សហការ​ជាមួយ​នគរបាល​ក្រុង​តា​ខ្មៅ តាម​បញ្ជា​លោកស្នងការ ព្រមទាំង​បាន​សហ​ការណ៍​ជាមួយ​លោកស្រី ប្រធាន​មន្ទីរ​កិច្ចការ​នារី​ខេត្តកណ្តាល និង​ការិយាល័យ​សង្គមកិច្ច ក្រុង និង​មន្ត្រី​ជំនាញ​មន្ទីរ​សង្គមកិច្ច បាន​ចុះ​ទៅ​ដល់​កន្លែង​ស្ថានីយ៍​វិទ្យុ​ABC និង​បាន​នាំ​នាង​ដាក់​ពាក្យបណ្តឹង​ព្រមទាំង​នាំ​នាង​មក​កាន់​មន្ទីរពេទ្យ​បង្អែក​ជ័យ​ជំនះ ខេត្តកណ្តាល ធ្វើការ​សាកសួរ​ជន​រង​គ្រោះ​ហើយ បាន​នាំ​ជន​រង​គ្រោះ​ទៅ​ពិនិត្យ​របួស​ស្នាម លើ​រាង​កាយ ។

ប្រភព​ពី​សមត្ថកិច្ច បាន​បញ្ជាក់​ថា បន្ទាប់​ពី​សាកសួរ និង​ពិនិត្យ​ឃើញ​ស្នាម​របួស​ជាក់ស្តែង ទើប​សមត្ថកិច្ច សម្រេច​ឃាត់ខ្លួន​ថៅកែ​ស្រី​រូប​នេះ បញ្ជូន​មក​តុលាការ ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ៕