ប្រទេសចិន ៖ កម្រមានអ្នកណាដឹងណាស់ ថាចិនធ្លាប់បានសាងសង់រូងក្រោមដី សម្រាប់កម្លាំងទាហានលាក់ខ្លួន ពេលមានសង្គ្រាមវាយប្រហារដោយបរមាណូ ។ រូងក្រោមដីត្រូវបានសងសង់នៅទីតាំងមួយ ក្នុងទីក្រុងវូហាន ។
នៅក្នុងដំណាក់កាល នៃសង្គ្រាមត្រជាក់ ទំនាក់ទំនងរវាងចិន និងសូវៀត បានប្រឈមមុខតានតឹងដាក់គ្នា ហើយស្ថានភាព នៃសង្គ្រាមបរមាណូ អាចនឹងផ្ទុះឡើងគ្រប់ពេល មេដឹកនាំចិន លោកម៉ៅ សេទុង បានចេញបញ្ជាឲ្យជីករូងក្រោមដី ធ្វើជាទីតាំងសម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីយោធាលាក់ខ្លួនពេលផ្ទុះសង្គ្រាមបរមាណូ ។
បណ្តាញរូងក្រោមដី ដ៏ល្បីបំផុត គឺនៅទីក្រុងប៉េកាំង ប៉ុន្តែនៅមានរូងក្រោមដីតិចណាស់ ដែលមានអ្នកណាដឹងនោះគឺ រូងក្រោមដី១៣១ នៅជិតទីក្រុងវូហាន ប្រទេសចិន ដែលជាទីកន្លែងផ្ទុះកូវីដ-១៩ ដំបូងគេបង្អស់ ។ រូងក្រោមដីនោះមានចម្ងាយពីទីក្រុង វូហាន ៨០គីឡូម៉ែត្រ ដោយមានប្រវែង៤៥៦ម៉ែត្រ ។
នៅថ្ងៃទី៣១ ខែមករា ឆ្នាំ១៩៦៩ មេដឹកនាំចិន បានចេញបញ្ជាឲ្យសាងសង់បណ្តាញរូងក្រោមដីទុកធ្វើជាទីបញ្ជាការកម្លាំងទាហានចិន ពេលមានសង្គ្រាមបរមាណូកើតឡើង ។ រូងក្រោមដីនោះមានឈ្មោះថា គម្រោង១៣១ គឺយកតាមពេលវេលា «ថ្ងៃទី៣១/១» ។
នៅពេលនោះ អគ្គមេបញ្ជាការកងទ័ពបដិវត្តន៍ប្រជាជនចិន លោក Huang Yongsheng បានបញ្ជា និងដឹកនាំផ្ទាល់ក្នុងគម្រោងកសាងរូងក្រោមដី១៣១ ។ រូងក្រោមដីនោះសាងសង់ក្រោមភ្នំ ដោយមានបន្ទប់ប្រជុំ និងទីបញ្ជាការ ទំនាក់ទំនងជាមួយថ្នាក់ដឹកនាំមន្ត្រីយោធា នៅខាងក្រៅ ។
ប៉ុន្តែពីរឆ្នាំក្រោយមក ដោយមានបញ្ហា រូងក្រោមដីនោះត្រូវបាន បោះបង់ចោលរហូតមកទល់ពេលនេះ ។ បច្ចុប្បន្នទីតាំងនោះ ត្រូវបានមន្ត្រីក្នុងតំបន់ប្រែក្លាយទៅជាទីតាំងសម្រាប់ទេសចរណ៍ទាក់ទាញបំផុត ។
ចំណែករូងក្រោមដីនៅទីក្រុងប៉េកាំងវិញ មានទំហំធំ ត្រូវបានគេចាត់ទុកថា ជាទីក្រុងក្រោមដីដ៏ទំនើបបំផុត ។ ទីតាំងនោះបានសាងសង់ឡើងដោយមានពលរដ្ឋនៅទីក្រុង ប៉េកាំងដល់ទៅ៣ម៉ឺននាក់ចូលរួម ។ រូងក្រោមដីក្នុងទីក្រុងប៉េកាំងមាន បន្ទប់លេណដ្ឋាន ដល់ទៅ១ម៉ឺន សម្រាប់លាក់ខ្លួនពេលមានសង្គ្រាមបរមាណូ ។ ក្រៅពីនេះ ក៏មានភោជនីយដ្ឋាន រោងភាពយន្ត ឃ្លាំងស្តុកទំនិញ រោងចក្រ… និយាយរួម គឺមានគ្រប់គ្រាន់សម្រាប់មនុស្សរស់នៅក្រោមដី ដល់ទៅ ៦លាននាក់ ៕