ថ្ងៃទី៩ លោក ហ៊ុន សែន តែងតាំងជាអគ្គនាយករង ឯថ្ងៃទី១០ លោក សាយ ឈុំ បញ្ចប់តំណែង

ការ​ពិត​លោក​ឧត្តមសេនីយ៍ តាត និមល ត្រូវ​បាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី​០៩ តុលា ២០២០ តែងតាំង​ជា​អគ្គនាយករង​នៃ​អគ្គ​នាក​ដ្ឋា​ន​អន្តោប្រវេសន៍ គឺ​មួយ​ថ្ងៃមុន​ពេល​លោក សាយ ឈុំ ប្រមុខរដ្ឋ​ស្តីទី​ក្នុង​ព្រះ​បរម​នាម​ព្រះមហាក្សត្រ​និង​តាម​ការ​ត្រាស់​បង្គាប់​បញ្ចប់​មុខ​តំណែង​ពី​អនុប្រធាន​ក្រុមប្រឹក្សា​នីតិកម្ម​នៃ​ក្រសួងមហាផ្ទៃ ឋានៈ​ស្មើ​អគ្គនាយក ។​

​មកដល់ម៉ោង២និង៣៥នាទីរសៀលថ្ងៃទី១៣ តុលានេះ សំណុំរឿង​តែងតាំង​និង​បញ្ចប់​តំណែង​លោក​ផ្កាយ​៣ តាត និមល​ខាងលើ មិន​ទាន់​មាន​ប្រភព​ណា​បញ្ជាក់​ច្បាស់លាស់​នៅឡើយ​ទេ ។​

​ក្រៅពី​មាន​តួនាទី​ជា​អនុប្រធាន​ក្រុមប្រឹក្សា​នីតិកម្ម លោក តាត និមល ក៍​ជា​មេធាវី​ពេញ​សិ​ទ្ឋិ​កំពុង​ប្រកប​វិជ្ជាជីវៈ​ផង​ដែរ ។​

​ដោយ​បាន​ពិនិត្យ​ឃើញ​ថា មន្ត្រីរាជការ​ថ្នាក់​ជាតិ​និង​ថ្នាក់​ក្រោម​ជាតិ​មួយ​ចំនួន ចំណុះ​ក្រសួងមហាផ្ទៃ ប្រកប​វិជ្ជាជីវៈ​ជា​មេធាវី ខណៈ​ដែល​ខ្លួន​កំពុង​បំពេញ​មុខងារសាធារណៈ ដោយ ស្ថានភាព​មន្ត្រីរាជការ​បែប​នេះ​ផ្ទុយ​នឹង​បទ​ប្បញ្ញត្តិ និង លិខិត​បទដ្ឋាន​គតិ​យុ​ត្ត ស្តី​ពី​ការ​គ្រប់គ្រង​មន្ត្រីរាជការ​ស៊ី​វិល មន្ត្រី​នគរបាល​ជាតិ មន្ត្រី​ពន្ធនាគារ និង ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​មេធាវី លោក​ឧបនាយករដ្ឋមន្ត្រី ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃ​ទី​០៥ សីហា ២០២០ បាន​ចេញ​សេចក្តីណែនាំ​មួយ ស្តី​ពី «​វិសមិតភាព​ក្នុង​ការ​បំពេញ​មុខងារសាធារណៈ និង ការ​ប្រកប​វិជ្ជាជីវៈ​មេធាវី​របស់​មន្ត្រីរាជការ​ក្រសួងមហាផ្ទៃ​» មាន​ន័យ​ថា បើជា​មន្ត្រី​កំពុង​បំពេញ​មុខងារសាធារណៈ​ផង​និង​ជា​មេធាវី​ផង ត្រូវ​សម្រេច​ជ្រើសរើស​យក​តែ​មុខងារ​មួយ​ប៉ុណ្ណោះ​៕