ការពិតលោកឧត្តមសេនីយ៍ តាត និមល ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី០៩ តុលា ២០២០ តែងតាំងជាអគ្គនាយករងនៃអគ្គនាកដ្ឋានអន្តោប្រវេសន៍ គឺមួយថ្ងៃមុនពេលលោក សាយ ឈុំ ប្រមុខរដ្ឋស្តីទីក្នុងព្រះបរមនាមព្រះមហាក្សត្រនិងតាមការត្រាស់បង្គាប់បញ្ចប់មុខតំណែងពីអនុប្រធានក្រុមប្រឹក្សានីតិកម្មនៃក្រសួងមហាផ្ទៃ ឋានៈស្មើអគ្គនាយក ។
មកដល់ម៉ោង២និង៣៥នាទីរសៀលថ្ងៃទី១៣ តុលានេះ សំណុំរឿងតែងតាំងនិងបញ្ចប់តំណែងលោកផ្កាយ៣ តាត និមលខាងលើ មិនទាន់មានប្រភពណាបញ្ជាក់ច្បាស់លាស់នៅឡើយទេ ។
ក្រៅពីមានតួនាទីជាអនុប្រធានក្រុមប្រឹក្សានីតិកម្ម លោក តាត និមល ក៍ជាមេធាវីពេញសិទ្ឋិកំពុងប្រកបវិជ្ជាជីវៈផងដែរ ។
ដោយបានពិនិត្យឃើញថា មន្ត្រីរាជការថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិមួយចំនួន ចំណុះក្រសួងមហាផ្ទៃ ប្រកបវិជ្ជាជីវៈជាមេធាវី ខណៈដែលខ្លួនកំពុងបំពេញមុខងារសាធារណៈ ដោយ ស្ថានភាពមន្ត្រីរាជការបែបនេះផ្ទុយនឹងបទប្បញ្ញត្តិ និង លិខិតបទដ្ឋានគតិយុត្ត ស្តីពីការគ្រប់គ្រងមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ និង ច្បាប់ស្តីពីលក្ខន្តិកៈមេធាវី លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០៥ សីហា ២០២០ បានចេញសេចក្តីណែនាំមួយ ស្តីពី «វិសមិតភាពក្នុងការបំពេញមុខងារសាធារណៈ និង ការប្រកបវិជ្ជាជីវៈមេធាវីរបស់មន្ត្រីរាជការក្រសួងមហាផ្ទៃ» មានន័យថា បើជាមន្ត្រីកំពុងបំពេញមុខងារសាធារណៈផងនិងជាមេធាវីផង ត្រូវសម្រេចជ្រើសរើសយកតែមុខងារមួយប៉ុណ្ណោះ៕