រដ្ឋបាលខេត្តអត្តពឺ នៃប្រទេសឡាវ កាលពីថ្ងៃទី១២ តុលាបានផ្ញើលិខិតប្រកាសជាមុនឱ្យរដ្ឋបាលខេត្តស្ទឹងត្រែង ប្រុងប្រយ័ត្នកំណើនកម្ពស់ទឹកទន្លេសេកុង ដោយសារឥទ្ធិពលព្យុះលីនហ្វាបណ្តាលឲ្យទឹកភ្លៀងខ្លាំង និងក្រុមហ៊ុនវារីអគ្គិសនីភូមិភាគកណ្ដាលរបស់វៀតណាមនឹងបើកទឹកចេញពីអាងស្តុកទឹកវារីអគ្គិសនី ធ្វើឲ្យទឹកហូរចុះមកទន្លេសេកុងរបស់កម្ពុជា ។
កាលពីថ្ងៃទី១១ តុលា ២០២០ ក្រសួងធនធានទឹក និងឧតុនិយមរបស់ប្រទេសកម្ពុជា ក៍បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅតាមដងទន្លេសេកុង សេសាន និងទន្លេស្រែពក ក៍ដូចជាអាជ្ញាធរពាក់ព័ន្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្នចំពោះការហក់ឡើងនៃទឹកទន្លេ ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេត។
សូមបញ្ជាក់ដែរថា នឹងមានព្យុះមួយទៀតកើតឡើងនៅភាគខាងកើតប្រទេសហ្វីលីពីន ហើយព្យុះទី១៧ឈ្មោះ«សូវឌែល» នឹងចេញពីសមុទ្រចិនខាងត្បូងហើយចូលមកភាគខាងត្បូងប្រទេសវៀតណាមនៅថ្ងៃទី១៥-១៧តុលា ហើយនៅថ្ងៃទី១៨ តុលា ព្យុះទី១៧នេះ នឹងចូលមកដល់ខេត្តរតនគិរីនិងខេត្តស្ទឹងត្រែង ៕